ភ្នំពេញ ៖ក្រុមវិទ្យាល័យ ព្រែកស្លែងរកបាន៣ពិន្ទុពីក្រុមមូស្លីមភូមិព្រែកតាពៅ១ ដោយទល្ធផល ២-០ ក្នុងការប្រកួតបើកឆាកថ្ងៃដំបូង កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ខេត្តកណ្តាលនៃពានរង្វាន់យុវជនអាយក្រោម១៨ឆ្នាំ ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៦។

ចំពោះ១ប្រកួតទៀត ក្នុងថ្ងៃបើកឆាកនៃព្រឹត្តិការណ៍នេះដែរ គឺក្រុមវិទ្យាល័យ ជ័យវរ្ម័ន្តទី៧ និងក្រុមបាល់ SCV FC ចែកគ្នាម្នាក់១ពិន្ទុ បន្ទាប់ពីរក្សាបានត្រឹមលទ្ធផលស្មើគ្នា ០-០។ លោក គួង លី ប្រធានអនុគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនក្រោម១៨ឆ្នាំ ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៦បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះមាន៩ក្រុមចូលរួមប្រជែងជើងឯក ដោយចែកចេញជា៣ពូល ក្នុង១ពូលៗមាន៣ក្រុមស្មើគ្នា។ លោកបន្ថែមថា ដើម្បីជំរុញឱ្យការប្រកួតជម្រើសជើងឯកយុវជនក្រោម១៨ឆ្នាំដំណើរដោយរលូន តម្លាភាព និងស្របតាមគោលបំណងរបស់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល គណៈកម្មការបានកំណត់ឱ្យគ្រប់កីឡាករទាំងអស់ដែលចូលរួមត្រូវចុះឈ្មោះដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាញបណ្ណ ជៀសវាងការបន្លំអាយុកីឡាករ។

លោក គួង លី បានគូសបញ្ជាក់បន្ថែមថា ក្រោយបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល គឺក្រុមចំណាត់ថ្នាក់លេខ១ក្នុងពូលទាំង៣ ស្មើនឹង៣ក្រុម និងចំណាត់ថ្នាក់លេខ២ល្អជាងគេ១ក្រុមនឹងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំពោះគោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺស្របតាមផែនការប្រចាំឆ្នាំរបស់ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដើម្បីស្វែងរកធនធានយុវជនក្រោម១៨ឆ្នាំឆ្នើមៗប្រចាំឆ្នាំផង និងត្រៀមការប្រកួតថ្នាក់ខេត្តដ៏ធំមួយ ដែលគ្រោងនឹងធ្វើឡើងនាខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៦។ ជាមួយគ្នានេះ តាមរយៈការបង្កើតព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំខេត្តកណ្តាលនេះ ក៏ជាការបំផុសស្មារតីដល់យុវជននានាចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ព្រមទាំងបញ្ជៀសយុវជនជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ។ ការប្រកួតនេះដំណើរការពីថ្ងៃទី២៣-២៨ ខែមីនា ឆ្នាំ២០២៦ ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងពិធីបំពាក់មេដាយប្រគល់ពានគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៨ខែមីនាខាងមុខ នៅកីឡដ្ឋានខេត្តកណ្តាល៕


