ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតជាគោលការណ៍ឱ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការគាំទ្រ និងអនុញ្ញាតជាផ្លូវការពីសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក។

ទីស្ដីការគណៈរដ្ឋមន្ដ្រីបានចេញ សជណ ថ្មីៗនេះ ដោយរាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមតាមសំណើររបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយឯកភាពជាគោលការណ៍ឱ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ក្នុងលិខិតដដែលបានបញ្ជាក់ថា ការទទួលធ្វើម្ចាស់ផ្ទះនេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាទទួលរ៉ាប់រងលើការចំណាយទាំងស្រុងក្នុងការរៀបចំការប្រកួត ហើយក្នុងករណី កីឡាករ-កីឡាការិនីកម្ពុជាទទួលបានជ័យលាភី សហព័ន្ធអាចស្នើសុំប្រាក់រង្វាន់លើកទឹកចិត្ត ដូចមានចែងក្នុងប្រកាសអន្ដរក្រសួង។ មុនឈានដល់ការស្នើសុំគោលការណ៍ធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីលើកទី៦ពីរាជរដ្ឋាភិបាល សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ូ រតនា បានទទួលការគាំទ្រយ៉ាងផុសផុលពីបណ្ដាប្រទេសនៅអាស៊ី ហើយគួបផ្សំសក្ដានុពលរបស់កីឡាវ៉ូវីណាមកម្ពុជា ដែលមានការគាំទ្រពីអាជ្ញាធរកីឡាជាតិ ពិសេសរាជរដ្ឋាភិបាល សហព័ន្ធក៏សម្រេចធ្វើលិខិតផ្លូវការដើម្បីស្នើសុំធ្វើម្ចាស់ផ្ទះ ហើយបានទទួលការគាំទ្រ និងឯកភាពពីសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកតែម្ដង។

គួររម្លឹកថា វ៉ូវីណាម គឺជាប្រភេទកីឡាដ៏មានសក្ដានុពលមួយរបស់កម្ពុជា ដែលធ្លាប់បានចូលរួម និងដណ្ដើមបានមេដាយជាច្រើនជូនជាតិ ហើយក៏ធ្លាប់ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗជាច្រើនផងដែរ ដូចជាការប្រកួតជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍ ពិសេសគឺភាពអស្ចារ្យនៃការរធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ សម្រាប់ការប្រកួតជើងឯកអាស៊ី លើកចុងក្រោយ កាលពីឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កម្ពុជា ឈរចំណាត់ថ្នាក់លេខ២ ដណ្ដើមបានមេដាយសរុប ៣០គ្រឿង រួមមានមេដាយមាស ៧ ប្រាក់ ១៧ និងសំរឹទ្ធ ៦គ្រឿង៕
