ភ្នំពេញ៖ ក្លិប​បាល់ទាត់​ ព្រះ​ខ័ន​រាជ​ស្វាយរៀង កាន់​តែ​ខិត​ជិត​ទៅ​រក​ការ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា ៣ រដូវ​កាល​ជាប់​គ្នា បន្ទាប់​ពី​ភ្នំពេញក្រោន បាន​បរាជ័យ ក្នុង​ផ្ទះ​របស់​ខ្លួន​ ក្រោម​ថ្វី​ជើង​ បឹងកេត ២-១។



សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​២៣ វគ្គ​ក្រុម​លំដាប់​កំពូល​ទាំង ៦ ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន ៣ ពិន្ទុ​បន្ថែម​ទៀត​តាម​រយៈ​ជ័យជម្នះ​លើ​ក្រុម អង្គរថាយហ្គឺរ ដោយ​លទ្ធផល ២-០ ដូច្នេះ​ ពួក​គេ​មាន ៥៨​ ពិន្ទុ ឈរ​លើ​កំពូល​តារាង ពី​ការ​ឈ្នះ ១៩ ស្មើ ១ និង​ចាញ់ ៣។



ពេល​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​នាំ​មុខ​រហូត​ដល់ ១១ ពិន្ទុ​លើ​គូ​ប្រជែង​ចំណាត់​ថ្នាក់​លេខ ២ គឺ ភ្នំពេញ​ក្រោន ដែល​មាន ៤៧ ពិន្ទុ។ ភ្នំពេញ​ក្រោន បាន​បង្កើត​កំណត់​ត្រា​កាន់​តែ​អាក្រក់​ ដោយ ៨ ប្រកួត​ចុង​ក្រោយ។ នៅ​ក្នុង​លីគ​ ពួក​គេ បាន​​ឈ្នះ​ ឈ្នះ វិសាខា ២-១, ចាញ់​អង្គរថាយហ្គឺរ ៤-៣,​ ស្មើ អង្គរថាយហ្គឺរ ០-០, ចាញ់ អឹមអូអាយ កំពង់ដេវ៉ា ១-២, និង​ចាញ់ បឹងកេត ២-១។


ចំណែក នៅ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ភ្នំពេញក្រោន ​បាន​ស្មើ អាយអេសអាយ ដង្កោសែន​ជ័យ ២-២ និងពាន​រង្វាន់ ​AFC Challenge League ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ១-៤ ក្នុង​ជើង​ទី១ និង​ចាញ់ ១-២ ក្នុង​ជើង​ទី​២។



នេះ​ជា​ស្ថិតិ​អាក្រក់​បំផុត​របស់ ភ្នំពេញ​ក្រោន ដែល​ធ្វើ​មិន​បាន​ល្អ​ច្រើន​ប្រកួត​ជាប់​គ្នា​នាំ​ឲ្យស្តួច​ស្តើង​ក្នុង​ការ​ប្រជែង​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ជាមួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង។

 ការ​ប្រកួត​លីគ​កំពូល​កម្ពុជាវគ្គ Top 6 នៅ​សល់​តែ ៧ ប្រកួត​ទៀត​ប៉ុណ្ណោះ ខណៈ ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​តែ​ឈ្នះ​តែ ៥ ប្រកួត​ទៀត​នឹង​ក្លាយ​ជា​ជើង​ឯក​នៅ​រដូវ​កាល​នេះ​ហើយ៕