ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រកាសជូនដំណឹងដល់ក្រសួង រាជធានី-ខេត្ត សមាគម-ក្លឹបកីឡាវាយកូនបាល់ទាំងអស់ថា សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ពីថ្ងៃទី១៦-១៩ ខែមីនា ឆ្នាំ២០២៦ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗ។

លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានគូសបញ្ជាក់ថា នៅក្នុងការប្រកួតកម្រិតខ្ពស់បំផុតថ្នាក់ជាតិនេះ សហព័ន្ធត្រៀមរៀបចំវិញ្ញាសាចំនួន៤ រួមមាន៖ វាយឯកត្តជនបុរស-នារី វាយគូបុរស និងវិញ្ញាសាយុវជនអាយុក្រោម១៨ឆ្នាំ។ ចំពោះការទទួលពាក្យចុះឈ្មោះចូលរួមប្រកួតរបស់សមាគម-ក្លឹបនានាគ្រោងនឹងបញ្ចប់នាថ្ងៃទី១៤ ខែមីនាខាងមុខ។

អគ្គលេខាធិការរងរូបនេះបន្ថែមថា គ្រប់សមាសភាពកីឡាករ កីឡាការិនី ក្លឹប-សមាគមទាំងអស់ដែលបានចុះឈ្មោះចូលរួមនឹងត្រូវមកជួបជុំគ្នា នៅរសៀលថ្ងៃទី១៥ ខែមីនា ដើម្បីប្រជុំបច្ចេកទេស និងចាប់ឆ្នោត។ ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិនេះប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនផែនការអភិវឌ្ឍន៍ប្រភេទកីឡាអូឡាំពិកដ៏ពេញនិយមមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសជ្រើសរើសធនធានកីឡាករ កីឡាការិនីឆ្នើមៗ ត្រៀមជ្រើសរើសដាក់បញ្ជូលក្នុងក្រុមជម្រើសជាតិ ត្រៀមការប្រកួតអន្តរជាតិនានា នាពេលខាងមុខផងដែរ។

គូររម្លឹកថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាតែងរៀបចំទទួលរៀបចំការប្រកួតកីឡាវាយកូនបាល់អាស៊ី វគ្គជម្រុះតំបន់ ក៏ដូចជារៀបចំព្រឹត្តិការណ៍អន្តរជាតិនានាជាបន្តបន្ទាប់ ដោយតែងតែបានផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីរបស់ខ្លួនបានដកពិសោធន៍បង្កើនគុណភាពបច្ចេកទេសជាមួយអត្តពលិកមកពីបណ្តាប្រទេសនានា។ ចំពោះការចូលរួមប្រកួតរបស់អត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍អន្តរជាតិត្រូវបានលោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាចាត់ទុកថា ការធ្វើម្ចាស់ផ្ទះពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនជាមួយនឹងការផ្តល់សេចក្តីទុកចិត្តពីសហព័ន្ធវាយកូនបាល់អន្តរជាតិ និងរិតចំណងមិត្តភាព សាមគ្គីភាពជាមួយបណ្តាប្រទេសចូលរួម ព្រមទាំងផ្តល់ឱកាសដល់អត្តពលិកកម្ពុជាទាំងឈុតយុវជន និងឈុតធំបានដកពិសោធន៍ក្នុងការប្រកួតអន្តរជាតិ។ បើយើងចង់អភិវឌ្ឍសមត្ថភាពរបស់អត្តពលិកយើង នោះត្រូវផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមប្រកួតឱ្យបានកាន់តែច្រើន គឺកាន់តែល្អប្រសើរ៕