ភ្នំពេញ៖ក្រុមម្ចាស់ផ្ទះ បឹងកេតនឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ កងយោធពលខេរមរភូមិន្ទ (ទ័ព) ខណៈក្រុមម្ចាស់ផ្ទះ វិសាខា ស្វាគមន៍ក្រុមភ្ញៀវ ណាហ្គាវើលដ៍ នៅក្នុងជំនួបវគ្គ ១/៤ផ្តាច់ព្រ័ត្រ ជើងទី២ នារសៀលថ្ងៃទី១១ ខែមីនា ស្អែកនេះ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦។ តើ២ប្រកួតនេះថាតើ២ក្រុមណាអាចបញ្ចប់ក្តីសង្ឃឹមគូប្រជែងរៀងៗខ្លួន ក្នុងការឈានជើងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

    នេះជាការប្រកួតដ៏សំខាន់បំផុតផ្លាស់ប្តូរទឹកដីគ្នាម្តងម្នាក់ ដើម្បីកាត់សេចក្តីថាតើ២ក្រុមណានឹងត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំពោះលទ្ធផលប្រកួតជើងទី១ទាំង២ប្រកួត កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ គឺក្រុមទ័ពបានបាញ់ក្រុមបឹងកេត ដោយលទ្ធផល ០-២ ខណៈវិសាខា និងណាហ្គាវើលដ៍ រក្សាលទ្ធផលស្មើគ្នា ២-២។ លទ្ធផលកាលពីជើងទី១កន្លងទៅនេះបានធ្វើឱ្យក្រុមបឹងកេតមានឱកាសច្រើនលើក្រុមទ័ព ក្នុងការប្រជែងឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមទ័ពរងសម្ពាធខ្លាំង ដោយសាររបូតគ្រាប់បាល់ដល់ទៅ ២គ្រាប់។ ចំពោះក្រុមណាហ្គាវើលដ៍ និងវិសាខានៅតែមានឱកាសប្រហាក់ប្រហែលគ្នា ដោយស្មើគ្នា ២-២ កាលពីជើងទី១ ហើយនៅជើងទី២ ស្អែកនេះ វិសាខាអាចមានឱកាសល្អច្រើន ក្នុងនាមជាម្ចាស់ផ្ទះផ្លាស់ប្តូរទឹកដី នៅជើងទី២នេះ។

សម្រាប់២ប្រកួតផ្សេងទៀត វគ្គ១/៤ផ្តាច់ព្រ័ត្រ ជើងទី២ រវាងក្រុមជើងឯករង ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយគិរីវង់សុខសែនជ័យ និងក្រុមការពារជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន ប្រកួតជាមួយក្រុមអាយអេសអាយដង្កោសែនជ័យ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដើម្បីស្វែងរក២ក្រុមឈ្នះៗឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ គួររម្លឹកថា លទ្ធផល២ប្រកួតនេះ កាលពីជើងទី១ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ គឺគិរីវង់សុខសែនជ័យ បានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ២-១ ខណៈភ្នំពេញក្រោន និងអាយអេសអាយដង្កោសែនជ័យ ២-២។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនាថ្ងៃទី២២ ខែមេសា សម្រាប់ជើងទី១ ហើយជើងទី២ប្រកួត នាថ្ងៃទី២៩ ខែមេសា ដើម្បីស្វែងរក២ក្រុមឈ្នះៗឡើងទៅប្រជែងម្ចាស់ដំណែងជើងឯក ខណៈ២ក្រុមចាញ់ៗនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ដោយវគ្គផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ជាមួយនឹងពិធីប្រគល់ពានបិទកម្មវិធីរដូវកាលនេះតែម្តង។ នេះបើយោងតាមកម្មវិធីប្រកួតរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕