ភ្នំពេញ ៖
បុរសម្នាក់ បានបាក់ករស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ចំណែកបុរសម្នាក់ទៀត រួមដំណើរជាមួយរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលពួកគេជិះម៉ូតូឌុបគ្នាលឿនមិនប្រយ័ត្នជ្រុលទៅកៀខឿនចិញ្ចើមផ្លូវដួលបោកផ្ទប់និងបង្គោលភ្លើង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 11:40នាទីយប់ថ្ងៃទី 29 ខែមីនាឆ្នាំ 2026 ស្ថិតនៅលើផ្លូវព្រះមុនីវង្សសង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ គេ ឃើញបុរសរងគ្រោះ២នាក់ជិះម៉ូតូម៉ាកហុងដាCLICK ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1IW- 3646 ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។
លុះពេលជិះមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូកៀខឿនចិញ្ចើមផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបុរសរងគ្រោះម្នាក់បាក់ករ ស្លាប់ភ្លាមៗ ។ ចំណែកឯបុរសម្នាក់ទៀតរួមដំណើរជាមួយ បានរងរបួសធ្ងន់ធ្ងនរត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ ក្រោយមក ក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញហេតុការណ៍ បានរាយការទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យទៅលើសព។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាចរាចរណ៍ឲ្យ ចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌ
ចំការមន ជាបណ្ដោះអាសន្ន រួចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ៕
