ភ្នំពេញ៖ ក្នុងសន្និបាតបូកសរុបលទ្ទផលការងារឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យា អូឡាំពិកកម្ពុជាបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជធានី ខេត្ត ចូលរួមចំណែក និងលើកស្ទួយជួយ លើវិស័យពិការភាព។

ឯកឧត្តមបានបន្តថា យើងបានសហការ ជាមួយអង្គការ សមាគមនានា បានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗ ជនពិការខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗទៀត និងជនមិនមានពិការភាពផងដែរ។ នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមានពិការភាព និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា។
អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាអូឡាំពិកកម្ពុជា សូមអំពាវនាវ ដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាបណ្តា ខេត្តដែលពុំទាន់ បានចូលជាសមាជិកអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ព្រមទាំងអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ ជួយដល់ជនពិការ ខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់ បានហ្វឹកហាត់ និងការចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធី ជារៀងរាល់ឆ្នាំ ។
សូមជម្រាបជូនថា សន្និបាតបូកសរុបលទ្ទផលការងារឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ក៏មានអញ្ជើញចូលរួម ពីតំណាង ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិក និងអាណាព្យាបាល កីឡាករ កីឡាការិនីស្ប៉េស្យាល់អូឡាំពិចផងដែរ៕