ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា ឯកឧត្តម ថោង បញ្ញាធនបានចាត់ទុកវិស័យឯកជនជាដៃគូរួមចំណែកមិនអាចខ្វះបាន ក្នុងការជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍកីឡាជាតិទៅរកភាពល្បីល្បាញលើឆាកអន្តរជាតិ។

ការគូសបញ្ជាក់របស់ឯកឧត្តម ថោង បញ្ញាធន បានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ដោយឯកឧត្តម ថោង បញ្ញាធន និងលោក សុខ ចេម នាយកគ្រប់គ្រងក្រុមហ៊ុន CSH Beverages Cambodia។

ការប្រកាសភាពជាដៃគូគាំទ្រឧបត្ថម្ភពេញមួយឆ្នាំពីសំណាក់ភេសជ្ជៈបំពេញជាតិទឹក 100PLUS ដល់សហព័ន្ធកីឡាជឺជិតស៊ូកម្ពុជានេះ លោក សុខ ចេម បានលើកឡើងថា អ្វីដែលជំរុញឱ្យភេសជ្ជៈបំពេញជាតិទឹក 100PLUS ជួយឧបត្ថម្ភគាំទ្រដល់សហព័ន្ធកីឡាជឺជិតស៊ូកម្ពុជាពេញ១ឆ្នាំនេះ ដោយសារតែក្រុមហ៊ុនមើលឃើញថា សហព័ន្ធកីឡាជឺជីតស៊ូមានសកម្មភាពសកម្មខ្លាំង ក្នុងការហ្វឹកត្រៀមខ្លួនចូលរួមចូលរួមប្រកួត ស៊ីហ្គេម និងការប្រកួតអន្តរជាតិ ដែលនឹងនាំយកកីឡាក រកីឡាការិនីរបស់កម្ពុជាទៅបង្ហាញខ្លួន ដើម្បីដណ្តើមមេដាយយកមកជូនជាតិ និងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។

ឯកឧត្តម ថោង បញ្ញាធន បានគូសបញ្ជាក់ថា កិច្ចសហការក្នុងភាពជាដៃគូជាមួយភេសជ្ជៈ100PLUSនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហព័ន្ធកីឡាជឺជីតស៊ូ និងសម្រាប់កីឡាជាច្រើននៅប្រទេសកម្ពុជា។ ទីមួយគឺការអនុញ្ញាតឱ្យអត្តពលិករបស់យើងមានឱកាសហ្វឹកហាត់កាន់តែច្រើន យើងក៏អាចចូលរួមការប្រកួតកាន់តែច្រើននៅក្រៅប្រទេស និងជាមោទនភាពសម្រាប់វិស័យកីឡាកម្ពុជាដូចគ្នា។

ប្រធានសហព័ន្ធសង្កត់ធ្ងន់បែបនេះថា៖ «ដូច្នេះខ្ញុំគិតថា វាពិតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិស័យឯកជនក្នុងការចូលរួមជាមួយសហព័ន្ធកីឡា និងដើម្បីជំរុញស្ថាប័នកីឡានៅក្នុងប្រទេសកម្ពុជាឱ្យរឹងមាំ ព្រោះប្រាកដណាស់រាជរដ្ឋាភិបាលនៅកម្ពុជាពិតជាបានគាំទ្រច្រើនមកហើយ។ ប៉ុន្តែដើម្បីឱ្យវិស័យផ្សេងទៀតអាចធ្វើទៅបានដោយជោគជ័យ ឬអាចសម្រេចបានគឺប្រាកដណាស់ត្រូវការជំនួយបន្ថែមពីវិស័យឯកជនផងដែរ។ ដូចដែលយើងបាននិយាយនៅក្នុងកម្មវិធីចុះហត្ថលេខាមុននេះថា វាជារឿងពិត ព្រោះ 100PLUS ជាភេសជ្ជៈបំពេញជាតិទឹកលេខ១ និងសម្បូរទៅដោយវីតាមីន B3, B6 និង B12 ដែលអត្តពលិកពឹងផ្អែកលើវាជារៀងរាល់ថ្ងៃនៅពេលពួកគេហ្វឹកហាត់។ ពួកគេហ្វឹកហាត់ពីរដងក្នុងមួយថ្ងៃ មួយទៅពីរម៉ោងនៅពេលព្រឹក និងពីពីរទៅបីម៉ោងទៀតនៅពេលល្ងាច។ ដូច្នេះការដែលមានភេសជ្ជៈផ្តល់ជាតិទឹកបានត្រឹមត្រូវជាដៃគូដ៏ល្អសម្រាប់សកម្មប្រចាំថ្ងៃរបស់ពួកគេ ដែលអាចបន្តក្លាយខ្លួនជាអត្តពលិកកាន់តែល្អ»។
បន្ថែមពីលើនេះ ឯកឧត្តម ថោង បញ្ញាធន ចាត់ទុកថា នេះជាមូលហេតុដែលយើងជ្រើសរើសសហការជាមួយ 100PLUSជាដៃគូ។ ប៉ុន្តែជាទូទៅវិស័យកីឡាផ្សេងៗទៀតដែលអាចសហការជាមួយពួកគេបាន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាទាំងមូល ហើយយើងបានចាប់អារម្មណ៍តាំងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដោយយើងសង្ឃឹមថាការចូលរួមទាំងនោះនៅតែបន្ត ដើម្បីវិស័យកីឡានៅកម្ពុជាកាន់តែរីកចម្រើន។ ដោយសារតែយើងឃើញប្រទេសដទៃទៀតដែលអត្តពលិកពួកគេស្ថិតនៅកម្រិតខ្ពស់ ពួកគេគឺមានជំនួយច្រើនពីវិស័យឯកជន។ ការជួយឧបត្ថម្ភនេះ ក្រៅពីក្រុមហ៊ុនផ្តល់ជាភេសជ្ជៈ100PLUSដល់អត្តពលិក ក្នុងពេលហ្វឹកហាត់ និងប្រកួត ក៏មានការជួយជាថវិកាផងដែរ៕
