ភ្នំពេញ៖ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងរៀបចំការប្រកួត ស៊ីភីអីល ឃែរ ខាប់ យុវជនអាយុក្រោម ១៤ ឆ្នាំ ឆ្នាំ ២០២៦ រយៈពេល ២ (ពីរ) ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ នៅទីលានហ្វឹកហាត់ភ្នំពេញក្រោន។ បើយោងតាមគណៈកម្មាធិការរៀបចំការប្រកួត ពានរង្វាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយឲ្យបណ្តាក្លិបបាល់ទាត់ដែលកំពុងចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌាន ព្រីមៀរលីគ អាចបំពេញបាននូវលក្ខខណ្ឌតម្រូវតាមបទបញ្ជាអាជ្ញាបណ្ណក្លិបអន្តរជាតិ ជាពិសេសតាមចំណុចវិនិច្ឆ័យផ្នែកកីឡា (AFC) ដើម្បីទទួលបានសិទ្ធិពេញលេញចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី។
ចំនួនក្លឹបចូលរួមប្រកួត ក្នុងការប្រកួតនេះចំនួន ១០ រួមមាន៖ កងយោធពលភូមិន្ទ, អឹម អូ អាយ កំពង់ដេវ៉ា, អង្គរថាយហ្គឺរ, ឡាយហ្វ ខេត្តព្រះសីហនុ, អាយ អេស អាយ ដង្កោសែនជ័យ, វិសាខា, បឹងកេត, ណាហ្គាវើលដ៍, ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង។

ការចុះបញ្ជី
• ក្លិបអាចចុះបញ្ជីកីឡាករចាប់ពី ២១ ដល់ ៣៥ នាក់ ដែលមានឆ្នាំកំណើតចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១២ តទៅ
• ក្លិបអាចចុះបញ្ជីមន្ត្រីក្រុមបាន ១០ នាក់
• គ្រូបង្គោលមិនតម្រូវឲ្យមានសញ្ញាបត្រកំណត់ជាក់លាក់
• ក្លិបអាចជ្រើសរើសកីឡាករ ២១ នាក់ និងមន្ត្រី ៨ នាក់ សម្រាប់បញ្ជីចាប់ផ្តើមប្រកួត
• អំឡុងពេលប្រកួត ក្លិបអាចផ្លាស់ប្តូរកីឡាករបានតែសម្រាប់ការប្រកួតក្នុងវគ្គទី ៣ ប៉ុណ្ណោះ
• ក្លិបចូលរួមទាំងអស់ ត្រូវស្កេនទុកនូវឯកសារពាក្យចូលរួមគ្រប់ទម្រង់ដើម្បីធ្វើការចុះបញ្ជីមន្ត្រី/ កីឡាករ នៅក្នុងប្រព័ន្ធ (FIFA Connect/ FIFA CMS)។ ក្នុងករណីក្លឹបណាមួយមិនបានចុះបញ្ជីនៅក្នុងប្រព័ន្ធទេនោះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងដកសិទ្ធិមិនឱ្យចូលរួមប្រកួត។
សូមជម្រាបថា នេះគឺជាលើកទីមួយដែល ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ រៀបចំការប្រកួតនេះឡើង។ សម្រាប់អ្នកគាំទ្រ ការចូលរួមទស្សនា មិនតម្រូវឱ្យទិញសំបុត្រ នោះទេ ដោយអាចចូលទស្សនាបានដោយសេរី នៅទីលានហ្វឹកហាត់របស់ភ្នំពេញក្រោន។ ក្នុងមួយថ្ងៃនឹងមាន ៨ ប្រកួត ដែលការប្រកួតពេលព្រឹក ចាប់ពីម៉ោង ៨:០០ ដល់ ៩:០០ ព្រឹក។ ចំណែកឯ ប្រកួតពេលរសៀល ចាប់ពីម៉ោង ៣:៣០ ដល់ ៤:៣០ រសៀល ។ ការប្រកួតនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ហើយសូមអញ្ជើញបងប្អូនអ្នកគាំទ្រចូលរួមទស្សនាឱ្យបានច្រើនកុះករ និងរីករាយជាមួយបរិយាកាសប្រកួត៕

