ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះ ទ័ព បានប្រកួតចាញ់ក្រុមភ្ញៀវ បឹងកេត ០-២ ខណៈម្ចាស់ផ្ទះ ណាហ្គាវើលដ៍ បានប្រកួតលទ្ធផលស្មើគ្នា ២-២ ជាមួយក្រមភ្ញៀវ វិសាខា នៅក្នុងការប្រកួតជើងទី១ វគ្គ១/៤ផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញ ក្រុមភ្ញៀវ បឹងកេត ដែលដណ្តើមបានជ័យជម្នះលើក្រុមទ័យ ដោយលទ្ធផលបច្ចេកទេស ២-០ នេះ គឺធ្វើសម្រចបានគ្រាប់ទី១ ដោយកីឡាករ ឱ ភារុណ នៅនាទី៤៣ ហើយគ្រាប់ទី២ រកបានដោយកីឡាករ ម៉ាត់ នូរុណ នៅនាទី៧៨។ ចំពោះ១ប្រកួតទៀតរវាងក្រុមណាហ្គាវើលដ៍ និងវិសាខា រក្សាលទ្ធផលស្មើគ្នា ២-២ គឺណាហ្គាវើលបានបើកការនាំមុខ១គ្រាប់មុន ដោយកីឡាករ Lucas នៅនាទី៣២ ខណៈ១គ្រាប់តាមស្មើរបស់វិសាខា ធ្វើសម្រេចនៅវគ្គទី២ នៅនាទី៥៦។ ចំពោះគ្រាប់ទី២បើកការនាំមុខជាថ្មីរបស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ Mateus នៅនាទី៧៨ ហើយក្រុមភ្ញៀវ វិសាខា ធ្វើសម្រេចបានគ្រាប់ទី២តាមស្មើ ដោយកីឡាករ ថា គ្រីយ៉ា នៅនាទី ៩០+៣។

ចំពោះការប្រកួតជើងទី២នៃ២គូនេះ ដើម្បីកាត់សេចក្តីថាតើ២ក្រុមណាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនាល្ងាចថ្ងៃ១១ ខែមីនា ឆ្នាំ២០២៦ ខណៈ២ប្រកួតផ្សេងទៀតរវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយ គិរីវង់សុខសែនជ័យ និងភ្នំពេញក្រោនជាមួយអាយអេសអាយសង្កោសែនជ័យ នឹងត្រូវប្រកួតកាត់សេចក្តី នាល្ងាចថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៦។ ចំពោះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រធ្វើឡើងនាថ្ងៃទី២២ ខែមេសា សម្រាប់ជើងទី១ រីឯការប្រកួតជើងទី២ ធ្វើឡើងនាថ្ងៃទី២៩ ខែមេសា ស្របពេលដែលវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។

នេះជាកម្មវិធីប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC)