ភ្នំពេញ :គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមចំណែក និងលើកស្ទួយជួយលើវិស័យកីឡាជនខ្សោយសតិបញ្ញា ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលជានិច្ចកាល គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងហ្វឹកហាត់ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញាបានចូលរួមក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា នៅក្នុងមហាសន្និបាតរបស់ខ្លួន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការ NOCC។

ឯកឧត្តម សែម សុខា មានប្រសាសន៍ថា យើងបានសហការជាមួយអង្គការ សមាគមនានា ដែលបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗជនពិការខ្សោយសតិបញ្ញាបានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗទៀត និងជនមិនមានពិការភាពផងដែរ។ នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជនមានពិការភាព និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា។ 

ម៉្យាងវិញទៀត ដោយការវិវឌ្ឍនៅមានកម្រិត ជាពិសេសចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានជួយជំរុញលើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់ចលនាកីឡាស្ប៉េស្យាល់អូឡាំពិកជារៀងរាល់ឆ្នាំ។ អ្វីៗទាំងនេះ សរបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជនពិការ ហើយក៏ជាការខិតខំប្រឹងប្រែង និងសហការយ៉ាងជិតស្និតរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គការសង្គមស៊ីវិល សមាគម ព្រមទាំងគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា អនុគណៈកម្មាធិការរាជធានី-ខេត្ត គ្រូបង្វឹក ជាពិសេសក្រុមគ្រួសារ ប្អូនៗ កីឡាករ កីឡាការិនីផ្ទាល់។

ជាមួយគ្នានេះ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានលើកបង្ហាញរបាយការណ៍សកម្មភាពការងារសំខាន់ៗ រួមទាំងការរៀបចំការប្រកួតកីឡាជនពិការខ្សោយសតិបញ្ញាថ្នាក់ជាតិ និងការបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតអន្តរជាតិនានា នាពេលកន្លងមក ក៏ដូចជាគោលដៅសំខាន់ៗនាពេលខាងមុខផងដែរ៕