បាត់ដំបង៖
យ៉ាងហោចណាស់ បុរស០៤នាក់ បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នានៅវេលាម៉ោង ០៦និង០០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិអូរតាំគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1E-0970 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ០២នាក់ទិសដៅពីកើតទៅលិច ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដារវ៉េវពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AT-1642បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង០៤នាក់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅ ដឹកបញ្ជូនជនរងគ្រោះទាំងបួននាក់ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
