ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំវេទិកាយុវជនក្នុងកិច្ចការពារវប្បធម៌ ក្រោមប្រធានបទ រួមគ្នាលើកនិងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ដែលជាកិច្ចពិភាក្សារវាងអ្នកជំនាញក្នុងវិស័យវប្បធម៌ជាមួយសិល្បករឯករាជ្យ។

នាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្តនៃសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំវេទិកា យុវជនក្នុងកិច្ចការពារវប្បធម៌ ក្រោមប្រធានបទ រួមគ្នាលើកស្ទួយសិល្បៈវប្បធម៌ ក្រោមអធិបតីភាព ឯកកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ 

វេទិកានេះត្រូវបានរៀបចំនៅសណ្ឋាគារ SUN & MOON ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងសិល្បករ សិល្បការិនី ព្រមទាំងអ្នកផលិតមាតិកាកម្សាន្តតាមប្រព័ន្ធអនឡាញ សរុប ១២០រូប។ 

គោលបំណងនៃការរៀបចំវេទិកានេះ គឺដើម្បីបង្កើតទំនាក់ទំនងកិច្ចសហការឲ្យកាន់តែជិតស្និតរវាងក្រសួង និងវិស័យឯកជន ពិសេសសិល្បករសិល្បការិនី អ្នកផលិតមាតិការកម្សាន្តក្នុងការបណ្តុះស្មារតីស្រឡាញ់ ថែរក្សា និងចូលរួមផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយប្រកបដោយភាពសុក្រឹត្យត្រឹមត្រូវ រក្សាបាននូវក្បួនខ្នាតនៃទម្រង់សិល្បៈវប្បធម៌ សំលៀកបំពាក់ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍យើង៕