កណ្តាល៖

ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បើទោះខំឆ្លើយថា ជារបស់ប្អូនផ្ញើឲ្យខ្លួនលក់  ជាមួយវត្ថុតាង គ្រឿងញៀនចំនួន០៧កញ្ចប់ធំ ទម្ងន់សរុប ១,៤៧ក្រាម  ដែលកើតហេតុកាលពីវេលាម៉ោង ១៣និង១០នាទីថ្ងៃទី៣០ខែមីនាឆ្នាំ២០២៦ នៅចំណុចផ្ទះជួលដែលស្ថិតក្នុងភូមិព្រែកហូរលិច  សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

លោកវរៈសេនីយ៍ឯក យីវណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា÷ ស្ត្រីជាជនសង្ស័យ មានឈ្មោះ អ៊ុល សេងហៃ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិសង្កាត់កើតហេតុ ។ វត្ថុតាងចាប់យកមាន៖ ថ្នាំញៀនប្រភេទ (ម៉ាទឹកកក)ចំនួន០៧កញ្ចប់ធំទម្ងន់សរុប ១,៤៧ក្រាម - ថង់សម្រាប់វេចខ្ចប់មួយចំនួន។ 

លោកអធិការ បន្តទៀតថានៅវេលាកើតហេតុ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ធភ្លាម លោក បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកហូរ បានចុះទៅដល់ទីតាំងខាងលើ ក៏ប្រទះឃើញស្ត្រីជាជនសង្ស័យកំពុងអង្គុយលើអង្រឹងក្រោមផ្ទះ  ដោយមានការសង្ស័យ កម្លាំង ក៏បានធ្វើការឃាត់សួរនាំត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន០៧កញ្ចប់ដែលជនសង្ស័យលាក់ទុកនៅក្នុងខោដាក់នៅក្បែរខ្លួន។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាជនសង្ស័យ បានឆ្លើយសារភាពថាថ្នាំញៀនទាំង០៧កញ្ចប់នេះ ជារបស់ប្អូនថ្លៃ ឈ្មោះ អ៊ុន សារ័តុ្ន ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅមិនពិតប្រាកដ បានឱ្យស្ត្រីម្នាក់ទៀតមិនស្គាល់ឈ្មោះ អាយុប្រហែល៤៦ឆ្នាំ មាឌធំ សម្បុរសណ្តែកបាយ មិនស្គាល់ទីលំនៅ យកមកផ្ញើឱ្យខ្លួន  ដើម្បីលក់បន្តក្នុងតម្លៃ០១កញ្ចប់ ១០.០០០រៀល (មួយម៉ឺនរៀល) បា្រកដមែន។ ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕