ភ្នំពេញ៖លីគកំពូលកម្ពុជា (Cambodian Premier League) សប្ដាហ៍នេះ នឹងសម្រាក ដោយសារកម្មវិធីបាល់ទាត់របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA Day)។
មកចាប់អារម្មណ៍កីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី២៦ នៅតែជាកីឡាករខ្សែប្រយុទ្ធសញ្ជាតិហ្កាណារបស់ព្រះខ័នរាជស្វាយរៀង Peprah Kwame ខណៈដែលកីឡាករសញ្ជាតិជប៉ុន របស់ក្លឹបអង្គរថាយហ្គឺរ Mark Adjei Kurita កំពុងដេញតាមគ្រាប់បាល់ ហើយគន្លាតគ្នាត្រឹមតែពីរគ្រាប់ប៉ុណ្ណោះ។ ៤សប្ដាហ៍ចុងក្រោយ Peprah Kwame ខកខានរកគ្រាប់បាល់ឱ្យក្លឹបក្នុងការប្រកួតលីគកំពូលកម្ពុជា ខណៈដែលមួយគ្រាប់ចុងក្រោយរបស់គេ និងជាគ្រាប់ទី២០ ធ្វើបាននៅពេលដែលក្លឹបព្រះខ័នរាជ ឈ្នះគិរីង់សុខសែនជ័យ ៥ទល់នឹង០ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ចំណែកកីឡាករ Mark Adjei Kurita រកបានគ្រាប់ទី១៨របស់គេពេលដែលអង្គរថាយហ្គឺរ ឈ្នះអឹមអូអាយកំពង់ដេវ៉ា ៣ទល់នឹង១ថ្មីៗនេះ។ គ្រាប់បាល់នេះធ្វើឱ្យគេ មានគម្លាតគ្រាប់បាល់តែពីរគ្រាប់ប៉ុណ្ណោះពីកីឡាករខ្សែប្រយុទ្ធ Kwame។កីឡាករផ្សេងទៀតដែលរកគ្រាប់បាល់ច្រើនដែរនោះរួមមាន Patrick Robson ១៣គ្រាប់ Dyer Moses Johnរបស់ភ្នំពេញក្រោន និងMinagawa Yusuke របស់ណាហ្កាវើលដ៍ ១២គ្រាប់ដូចគ្នា។ ឯកីឡាករ Park Jungbin របស់វិសាខា Kim Hyeon Su របស់ឡាយហ្វខេត្តព្រះសីហនុ និង Marksym Priadun របស់ភ្នំពេញក្រោន រកបាន១០គ្រាប់ដូចគ្នា។ លីគកំពូលកម្ពុជា នឹងត្រឡប់មកវិញនៅថ្ងៃទី៤ និងទី៥ ខែមេសាខាងមុខនេះ ក្នុងនោះភ្នំពេញក្រោន ត្រូវទទួលព្រះខ័នរាជស្វាយរៀង៕

