ភ្នំពេញ :ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជានឹងត្រូវឡើងទៅប្រកួតប្រជែងជាមួយក្រុម Manila Digger របស់ហ្វីលីពីន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបានយកឈ្នះក្រុមរួមជាតិ ភ្នំពេញក្រោន សរុបទាំងពី២ជើង ដោយលទ្ធផលបច្ចេកទេស ៦-២ (វគ្គ១/៤ផ្តាច់ព្រ័ត្រ) នៃពានរង្វាន់ក្លឹបលំដាប់ទី៣ប្រចាំទ្វីបអាស៊ី-AFC Challenge League 2025-2026។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញសម្រាប់ជើងទី២ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងនាមជាម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀងបានបន្តយកឈ្នះ ក្រុមភ្ញៀវ ភ្នំពេញក្រោន ដោយលទ្ធផល ២-១។ ភ្នំពេញក្រោនធ្វើសម្រេចទាត់បញ្ចូលទីនាំមុខលើក្រុមព្រះខ័នរាជស្វាយរៀង១គ្រាប់មុន ដោយកីឡាករ Moses Dyer នៅនាទី នៅនាទី៤៥+៣ មុនបញ្ចប់វគ្គទី១។ ចូលវគ្គទី២ ក្រុមព្រះខ័នរាជស្វាយរៀងធ្វើសម្រចបាន២គ្រាប់តាមស្មើ និងនាំមុខវិញលើក្រុមភ្នំពេញក្រោន នៅនាទី៥១ និងនាទី៦០ ដោយកីឡាករ Takasi Odawara ដោយលទ្ធផល ២-១ នេះរក្សាបានរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង៩០នាទីតែម្តង។ កាលពីជើងទី១ យប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះភ្នំពេញក្រោន ៤-១ ដោយសរុបទាំងពីរជើង លទ្ធផល ៦-២។

ដូច្នេះក្រុមជើងឯករងរដូវកាលមុន ព្រះខ័នរាជស្វាយរៀង នឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ក្លឹបលំដាប់ទី៣ប្រចាំទ្វីបអាស៊ី-AFC Challenge League 2025-2026 ដោយត្រូវប៉ះក្រុម Manila Digger របស់ប្រទេសហ្វីលីពីន នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ សម្រាប់ជើងទី១ ខណៈការប្រកួតជើងទី២ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីស្វែងរកក្រុមឈ្នះ១ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រប្រជែងម្ចាស់ជើងឯកប្រចាំរដូវកាលថ្មីនេះ។ ដោយឡែកសម្រាប់ការប្រកួតរបស់ក្រុម Malila Digger របស់ហ្វីលីពីន ដែលឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បន្ទាប់ពីបានយកក្រុម Dewa United Banten របស់ឥណ្ឌូណេស៊ី ដោយលទ្ធផលសរុបទាំងពីរជើង ៣-២ (ជើងទី១ ២-២)។ នេះជាការប្រកួតប្រចាំតំបន់ខាងកើត។

គួរបញ្ជាក់ថា ចំពោះការរប្រកួត៤ក្រុមផ្សេងទៀត នៅតំបន់ខាងលិច វគ្គ១/៤ផ្តាច់ព្រ័ត្រនេះ គឺក្រុម Al Ansar (Lebanon) ប្រកួតជាមួយក្រុម Muras United (Kyrgyzstan) ខណៈក្រុម Al-Shabab (Oman) ប្រកួតជាមួយក្រុម Al-Kuwait  (Kuwait) ត្រូវបានពន្យារពេលដោយគ្មានកំណត់ដោយ AFC ដោយសារតែផលប៉ះពាល់ពីសង្គ្រាម៕

  (រូបភាព៖ ព្រះខ័នរាជស្វាយរៀង)