(ភ្នំពេញ)៖

កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ ក្នុងប្រតិបត្តិការឆែកឆេរអគារ MSK ស្ថិតក្នុងសង្កាត់ ទួលទំពូងទី១ បន្ទាប់ពីមានការសង្ស័យថា លបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា។ 

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការចូលរួមពីអាជ្ញាធរខណ្ឌចំការមន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ 

ក្រុមការងារបានពិនិត្យឃើញភាពមិនប្រក្រតីនៅជាន់ទី៧ និងជាន់ទី១០ ដោយបានឃាត់ខ្លួនមនុស្សសរុបចំនួន ១៧នាក់ (ស្រី្ត ០២នាក់) ជាជនជាតិវៀតណាម ដែលក្នុងនោះមាន ០៧នាក់ ពុំមានលិខិតឆ្លងដែនជាប់ខ្លួនឡើយ។

ជាលទ្ធផល សមត្ថកិច្ចរកឃើញវត្ថុតាងដែលពាក់ព័ន្ធនិងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមាន៖ម៉ូនីទ័រចំនួន ៣០ គ្រឿង, ទូរសព្ទដៃ ចំនួន ៧៣ គ្រឿង , កុំព្យូទ័រ All In One ចំនួន ០៦ គ្រឿង និងCPUចំនួន ២៧ គ្រឿង។

សមត្ថកិច្ចជំនាញ បានឱ្យដឹងថាក្រុមនេះ បានធ្វើសកម្មភាពលោងលោមស្នេហា មានគោលដៅច្បាស់លាស់ក្នុងការ "ជំរិតទារប្រាក់ ឬគំរាមកំហែង" ដោយប្រើប្រាស់វីដេអូ អាសអាភាសដែលលួចថតបាន ទៅផ្ញើឱ្យក្រុមគ្រួសារ ឬកន្លែងការងាររបស់ជនរងគ្រោះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ប្រសិនបើមិនធ្វើតាមការទាមទាររបស់ពួកគេ។

បច្ចុប្បន្ន មនុស្សទាំង ១៧នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការតាមនីតិវិធីច្បាប់៕