ភ្នំពេញ៖ កីឡាកររបស់ព្រះខ័នរាជស្វាយរៀង Preprah Kwame កំពុងក្តោបក្តាប់តំណែងកំពូលតារាងនៃអ្នករកគ្រាប់បាល់បានច្រើនជាងគេ ក្នុងចំណោមកីឡាករ៩នាក់មកពី៧ក្លឹប ក្នុងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥-២០២៦។

ការក្តាប់ក្តាប់ដំណែងកំពូលតារាងនៃពានរង្វាន់ឯកត្តជនអ្នកទាត់បញ្ជូលទីច្រើនជាងគេរបស់កីឡាករ Preprah Kwame រូបនេះ គឺគិតត្រឹមសប្តាហ៍ទី២៤ ដោយរកបានគ្រាប់បាល់ចំនួន ២០គ្រាប់ តាមពីក្រោយដោយកីឡាករ Kurita Mark Adjei របស់អង្គរថាយហ្គឹរ ដែលរកបាន១៧គ្រាប់ ខណៈកីឡាករ Minagawa របស់ណាហ្គាវើលដ៍ ឈរលេខ៣ និងកីឡាករ Dyer Moses John ឈរលេខ៤ រកបាន១២គ្រាប់ ដូចគ្នា។

ជាមួយគ្នានេះ ក្រុមការពារដំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ក៏កំពុងក្តោបក្តាប់តំណែងលើកំពូលតារាងដែរ ក្រោយឆ្លងកាត់ ២២ប្រកួត ឈ្នះ១៨ប្រកួត ស្មើ១ប្រកួត និងចាញ់៣ប្រកួតមាន ៥៥ពិន្ទុ វ៉ាដាច់៨ពិន្ទុពីក្រុមតាមពីក្រោយ ភ្នំពេញក្រោន ដែលមាន ៤៧ពិន្ទុ ខណៈអង្គរថាយហ្គឺរ ឈរលេខ៣ជាមួយ ៣៨ពិន្ទុ។ ពេលនេះ ១១ក្រុមនៃក្របខ័ណ្ឌលីគកំពូលកម្ពុជានេះ កំពុងដំណើរការប្រកួត៦ក្រុមខាងលើ ដើម្បីស្វែងរកជើងឯក និង៥ក្រុមខាងក្រោម ចំនួន២ជុំដូចគ្នា ដែលគ្រោងនឹងបិទបញ្ចប់រដូវកាល នាថ្ងៃទី១៦ ខែឧសភា ខាងមុខ៕

