ភ្នំពេញ៖ 

ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅចំណុចហាងលក់ខោអាវជជុះក្បាលគីបនារី ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថានមានជ័យ ចុះបង្ក្រាប ដោយឃាត់ខ្លួនម្ចាស់ទីតាំងនិងដកហូតឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់សារធាតុ គីមីជាង ១៣០០គ្រឿង ។

តាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថាដោយមានការសហការណ៍ផ្ដល់ ព័ត៌មានពីប្រជាពលរដ្ឋតាមរយៈផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie (ភ្នំពេញ ហ្គែនឌារ មឺ រី) នៅវេលាម៉ោង១៤និង៣០នាទី រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍ អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី១កន្លែង នៅចំណុចហាងលក់ខោអាវជជុះក្បាល គីបនារី ផ្លូវប៉េតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងចម្រុះ ប្រមាណជាង ១៣០០គ្រឿង ឃាត់ខ្លួនម្ចាស់ទីតាំង ០១នាក់ នាំយកទៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

តាមកងរាជអាវុធហត្ថ បានឲ្យដឹងទៀតថាចំពោះការនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិតនិងស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាត ហើយ ករណីទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការបង្ក្រាបជាបន្តបន្ទាប់ជាច្រើនទីតាំងមកហើយ។ ដូច្នេះដើម្បីចូលរួមបង្ការទប់ស្កាត់និងបង្ក្រាប បានទាន់ពេលវេលា សូមមហាជនចូលរួម សហការផ្តល់ព័ត៌មានដល់អាវុធហត្ថរាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬ ទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie គ្រប់ពេលវេលា៕