ភ្នំពេញៈ
រយៈពេល៨ថ្ងៃ នៅចុងខែមីនា ចាប់ពីថ្ងៃទី២៤ដល់៣១ ខែមីនា ឆ្នាំ២០២៦ នគរបាលអន្តោប្រវេសន៍ បានបណ្ដេញជនជាតិបរទេសដែលស្នាក់នៅខុសច្បាប់និងពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ចំនួនសរុបចំនួន ១,៥២៨នាក់ ចេញពី ព្រះរាជាណាចក្រកម្ពុជា។
តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថានៅចុងខែមីនា ចាប់ពីថ្ងៃទី២៤ដល់៣១ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ១,៥២៨នាក់ ស្រី២៣២នាក់ មាន២៣សញ្ជាតិ រួមមាន ៖ យ៉ូហ្គង់ដា កេនយ៉ា នេប៉ាល់ ចិន ឥណ្ឌា បង់ក្លាដេស ប៉ាគីស្ថាន ចិនតៃវ៉ាន់ បេឡារូស វៀតណាម ឥណ្ឌូនេស៊ី ហ្គាណា អាហ្រិ្វកខាងត្បួង អង់គ្លេស ប៊ូរុនឌី កាមេរូន រវ៉ាន់ដា អូស្ត្រាលី នីហ្សេរីយ៉ា ជប៉ុន ស្រីលង្កា ហ្វីលីពីន និងមីយ៉ាន់ម៉ា ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនោះមានជនជាតិចិនចំនួន ៣២៧នាក់ (ស្រី ២០នាក់) ពាក់ព័ន្ធករណីឆបោកតាម ប្រព័ន្ធ អនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោនិងជនបរទេសមួយចំនួនទៀត ពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាម ប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញ ចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ។
តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងទៀតថាការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
