ខេត្តព្រះវិហារ៖ នេះជាកិច្ចការដែលបង្ហាញពីសកម្មភាពដ៏ថ្លៃថ្លា និងការយកចិត្តទុកដាក់ចំពោះវិស័យអប់រំនៅតាមបណ្តោយព្រំដែន ដោយវត្តមានរបស់ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា រួមជាមួយក្រុមការងារ បាននាំយកថវិកា និងសម្ភារៈឧបត្ថម្ភសំខាន់ៗ ទៅប្រគល់ជូនសាលាបឋមសិក្សាសែនតេជះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦
បេសកកម្មចុះជួយដោយផ្ទាល់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពី ស្មារតីទទួលខុសត្រូវខ្ពស់ និងមនសិការស្នេហាជាតិ របស់ថ្នាក់ដឹកនាំនាយកដ្ឋាន ក្នុងការជំរុញ និងលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាការសិក្សារបស់ក្មួយៗសិស្សានុសិស្សនៅតំបន់ដាច់ស្រយាល ជាពិសេសក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាព និងសាលារៀននៅតាមបណ្តោយព្រំដែន តំបន់មុំបី។
លោក ហួត សេងទ្រី និងក្រុមការងារបាននាំនូវអំណោយដែលបានឧបត្ថម្ភរួមមាន៖
១. ថវិកាចំនួន ៣,០០០,០០០ រៀល៖ សម្រាប់ចាក់ដីបំពេញទីធ្លាសាលាដែលតែងតែរងការលិចទឹក និងរៀបចំទីតាំងសម្រាប់សាងសង់អគារសិក្សាថ្មីនាពេលខាងមុខ។
២. កុំព្យូទ័រយួរដៃ (Laptop) ម៉ាក DELL ចំនួន ១ គ្រឿង៖ ដើម្បីសម្រួលដល់ការងាររដ្ឋបាល និងការបង្រៀនឱ្យកាន់តែទំនើប។
៣. ម៉ាស៊ីនព្រីនធឺ និងកូពីពណ៌ ម៉ាក EPSON ចំនួន ១ គ្រឿងសម្រាប់ផលិតសម្ភាររៀន និងបង្រៀន និងសម្រាប់បម្រើការងារឯកសារក្នុងសាលា។
៤. សម្ភារក្មេងលេង ចំនួន ២៨៨ ឈុត៖ ដើម្បីផ្តល់ភាពសប្បាយរីករាយ និងការលូតលាស់ផ្នែកបញ្ញាស្មារតីដល់កុមារ។
៥. អាវកីឡា ចំនួន ៨ ឈុត៖ ជូនដល់លោកគ្រូ អ្នកគ្រូ ដើម្បីលើកទឹកចិត្ត និងប្រើប្រាស់ក្នុងសកម្មភាពអប់រំកាយ។
លោក អ៊ុក ចន នាយកសាលាបឋមសិក្សាសែនតេជះ បានសម្តែងនូវក្តីរំភើប និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធាននាយកដ្ឋាន និងក្រុមការងារ ដែលតែងតែនៅក្បែរ និងមិនបោះបង់សាលារៀននៅតំបន់ព្រំដែនចោល។ លោកបានចាត់ទុកថា សកម្មភាពនេះគឺជាការផ្តល់កម្លាំងចិត្តយ៉ាងធំធេងដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។
គួររំលឹកផងដែរថា នេះជាគោលនយោបាយចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងមាន ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ឯកឧត្តម ប៉ុន សុខអគ្គនាយកកីឡា ។ បន្ថែមលើសពីនេះ លោក ហួត សេងទ្រី បានបំពេញបេសកកម្មជាដំបូងប៉ុណ្ណោះទេ ខណៈដែលថ្នាក់ដឹកនាំបានសន្យាថា នឹងនាំយកសម្ភារៈចាំបាច់មួយចំនួនទៀតមកប្រគល់ជូននៅពេលក្រោយបន្ថែមទៀត លោក ហួត សេងទ្រី ដែលដឹកនាំក្នុងបេសកកម្មនេះនឹងបន្តគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅតាមបន្ទាត់ព្រំដែនឱ្យកាន់តែរឹងមាំប្តេជ្ញានឹងបន្តសកម្មភាពនេះនៅលើកក្រោយៗទៀត៕








