ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការីនី របស់ប្រទេសកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” ដែលប្រព្រឹតទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
នាអាកាសយាន្តដ្ឋានអន្តរជាត់ តេជោ ក្នុងឱកាសធ្វើដំណើរទៅចូលរួមការប្រកួតខាងលើនេះក៏មានការអញ្ជើញចូលរួមជូនដំណើរ គណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការី ពីសំណាក់ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រុមកីឡាករ-កីឡាការិនីផងដែរ ។
គួរបញ្ជាក់ថា ៖ កម្ពុជាបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការីនី ៤ ប្រភេទកីឡាមានចំនួន ៣២ រូប ដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន ប្រទេសចិន។ ការប្រកួតនេះមាន ១៤ប្រភេទកីឡា និងប្រទេសចូលរួមប្រមាណ ៤៥ ក្នុងតំបន់អាស៊ីដែលមានកីឡាករ-កីឡាការិនីចំនួន ៣,៧៩៨នាក់ចូលរួម។
សម្រាប់កីឡា ៤ ប្រភេទដែលកម្ពុជាបញ្ជូនទៅចូលរួមមានដូចជា កីឡាចំបាប់ កីឡាទ្រីយ៉ាត្លុង កីឡាជីជឺតស៊ូ និងកីឡាបាល់ទាត់លើតុ ។ ប្រភេទកីឡាចំបាប់មានចំនួន ៨ នាក់ កីឡាទ្រយ៉ាត្លុងមានចំនួន ២ នាក់ កីឡាជីជឺតស៊ូមានចំនួន៥ នាក់ និងកីឡាបាល់ទាត់លើតុមានចំនួន ៧ នាក់ និងប្រធាន អនុប្រធានគណៈប្រតិភូ សរុបចំនួន ៣២ រូប។
គួររឹកថា៖ ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី “Asain Beach Games” ត្រូវបានធ្វើឡើងជាលើកដំបូងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០០៨ បន្ទាប់មកព្រឹត្តិការណ៍នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់ (២០១០) ទីក្រុងហៃយ៉ាង ប្រទេសចិន (២០១២) ទីក្រុងភូកេត ប្រទេសថៃ (២០១៤) និង ទីក្រុងដាណាង ប្រទេសវៀតណាម (២០១៦) ពោលគឺពីរឆ្នាំម្តង ហើយសម្រាប់លើកទី៦ ឆ្នាំ២០២៦ នេះ ប្រារពឡើងនៅ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន ប្រទេសចិន៕
