បន្ទាយមានជ័យ៖
កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្របួចបានក្រុមក្មេងស្ទាវ កាប់ប្លន់យកម៉ូតូ១១នាក់ បញ្ជូនទៅកាន់តុលាការអនុវត្តតាមនីតិវិធី នៅថ្ងៃទី09 ខែមេសា ឆ្នាំ2026។លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថកុ្រង
ប៉ោយប៉ែត បានឲ្យដឹងថា៖នៅវេលាម៉ោង01និង50នាទី ថ្ងៃទី07 ខែមេសា ឆ្នាំ2026 មានករណីលួច មានស្ថានទម្ងន់ទោស (កាប់ប្លន់ម៉ូតូ) មិនបានសម្រេច នៅចំណុចបណ្តោយផ្លូវជាតិលេខ 58 មុខវត្តទួលពង្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយក្រុមជនសង្ស័យមួយក្រុម មានគ្នាចំនួន11នាក់ និងម៉ូតូចំនួន4គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូដេញតាមកាប់ជនរងគ្រោះឈ្មោះ ភឹម សំណាង ភេទប្រុស អាយុ38ឆ្នាំ ជនជាតិខ្មែរ ដែលកំពុងដំណើរមានគ្នាចំនួន03នាក់ (ប្រពន្ធកូន) ដែលកំពុងជិះម៉ូតូចំនួន1គ្រឿងម៉ាកហុងដាឌ្រីម (HONDA DREAM) ពណ៌ខ្មៅ ផលិតឆ្នាំ2025 គ្មានផ្លាកលេខ។
លោកអនុវសេនីយ៍ឯក តិល តៃលីវ បញ្ជាក់ថា៖ក្រោយពីទទួលបានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋភ្លាម លោក បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួន ជនសង្ស័យចំនួន02នាក់ យកមកសួរនាំ ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ជាបន្តបន្ទាប់សរុប11នាក់ ដកហូតបានកាំបិតធ្វើសកម្មភាព ប្រវែង72 សង់ទីម៉ែត្រ 1ដើម និងកាំបិតកែច្នៃដងឈើប្រវែង115សង់ទីម៉ែត្រ ០១ដើម, ម៉ូតូចំនួន 3គ្រឿង ។
ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធីបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់ ។
ពាក់ព័ន្ធបញ្ហាបង្ក្រាបនេះ ប្រជាពលរដ្ឋ សូមកោតសរសើរដល់កងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលធ្វើការចុះស្រាវជ្រាវបង្ក្រាបភ្លាមៗបន្ទាប់ពីប្រជាពលរដ្ឋ បានរាយការណ៍រហូត ឈានដល់ការបង្ក្រាបក្រុមជនសង្ស័យចាត់វិធានច្បាប់ ធ្វើឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ និងសុខសុវត្ថិភាព៕
