កាលពីពេលថ្មីៗនេះ កញ្ញា អ៊ិន លក្ខិណា ដែលជាបវរកញ្ញាឯករូបស្រស់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានទទួលនូវការកោតសរសើរពីសំណាក់មហាជនលើបណ្តាញសង្គមយ៉ាងព្រោងព្រាត បន្ទាប់ពីរូបនាងបានបង្ហោះចែកចាយនូវសកម្មភាពផ្សព្វផ្សាយសិល្បៈវប្បធម៌ដ៏សកម្ម នៅលើប្រព័ន្ធអ៊ិនធើណែត របស់ខ្លួន។

នៅក្នុងនោះគេសង្កេតឃើញ កញ្ញា អ៊ិន លក្ខិណា និងបងស្រីបង្កើត អ៊ិន ម៉ូលីកា បានគ្រងនូវឈុតស្បៃខ្មែរ ដែលបានថតលើទឹកដីនៃប្រាសាទអង្គរវត្ត ជាមួយនឹងបវរកញ្ញារួមជំនាន់ពីប្រទេសវៀតណាម កញ្ញា គីម ឌូយ៊ៀន (Kim Duyên) ដែលត្រូវបានគេស្គាល់ថាជា បវរកញ្ញាចំណាត់ថ្នាក់កំពូលលេខ២ ពីកម្មវិធី Miss Supranational 2022 និងជាលំដាប់រងទី១ កញ្ញាឯកចក្រវាលវៀតណាម ឆ្នាំ២០១៩ ផងដែរ។

ពួកគេទាំង ៣ បានបង្អួតសម្រស់យ៉ាងស្រស់ស្អាតគួរជាទីចាប់អារម្មណ៍នៅក្នុងឈុតស្បៃខ្មែរ ដែលធ្វើឱ្យទស្សនិកជនចែករំលែកបន្តយ៉ាងច្រើន។

អ្វីដែលកាន់តែគួរឱ្យស្ងើចសរសើរទៀតនោះ ក្នុងរយៈពេល ៣ ថ្ងៃនៃដំណើរទស្សនៈកិច្ចក្នុងខេត្តសៀមរាបរបស់ អ៊ិន លក្ខិណា និងបវរកញ្ញាវៀតណាម ពួកគេទាំង ៣ ក៏បានរួមគ្នាផលិតវីដេអូ ដែលបរិយាយពី ប្រាសាទអង្គរវត្ត ទឹកដីអច្ឆរិយៈអស្ចារ្យ និងអប្សរាខ្មែរ ដោយផ្សារភ្ជាប់ជាមួយនឹងភស្តុតាងប្រវត្តិសាស្រ្ត សិលាចារឹកលើផ្ទាំងថ្ម ដែលបានចងក្រងអំពីជំនឿ ទំនៀមទម្លាប់ និងអរិយធម៌របស់ខ្មែរពីបុព្វបុរសជំនាន់មុន ឱ្យមហាជនបានដឹងពីអ្វីដែលជាមរតកវប្បធម៌របស់ខ្មែរ ដែលគ្មាននរណាអាចចម្លងបាន។

ក្រឡេកទៅមើល បវរកញ្ញាវៀតណាម ដែលត្រូវជាមិត្តសម្លាញ់របស់ កញ្ញា អ៊ិន លក្ខិណា ក៏បានចែកចាយការផុសលើបណ្តាញសង្គមរបស់ខ្លួនជាច្រើនហូរហែ អំពីភាពលង់ស្រលាញ់ចំពោះខេត្តសៀមរាប ប្រទេសកម្ពុជា មិនថាការទស្សនាថ្ងៃលិច ថ្ងៃរះនៅប្រាសាទ ការហូបអាហារ ការជិះទូកការថតសម្លៀកបំពាក់ស្បៃខ្មែរ រួមទាំងប្រាសាទអង្គរវត្ត ទីកន្លែងដ៏ល្បាញល្បីក្នុងផែនទីគោលដៅទេសចរណ៍របស់ពិភពលោក ដែលរូបនាងបានមកលេងកំសាន្តលើកទី១ ក្នុងឆាកជីវិតរបស់ខ្លួន៕