ភ្នំពេញ៖ 

បុរសម្នាក់ បោកក្បាលនៅនិងលូស្លាប់ភ្លាមៗ ចំណែកឯបុរសម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានដឹកតាមកង់បីយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ក្រោយពេលជិះម៉ូតូឌុបគ្នាលឿន បុកឡើងចិញ្ចើមផ្លូវ បណ្តាលឲ្យដួលអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២:០០ រំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ២នាក់ជិះម៉ូតូម៉ាកXR ពណ៌ក្រហម លាយសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1LP- 5044 ឌុបគ្នាតាមបណ្តោយផ្លូវ២០១១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។

លុះពេលជិះមកដល់ចំណុចកើតឡើង ក៏បានរ៉េចង្កូតបុកឡើងចិញ្ចើមផ្លូវ បណ្តាលឲ្យដួលម៉ូតូអូសទៅមុខជាច្រើនម៉ែត្រនិងធ្វើអោយបុរសរងគ្រោះម្នាក់បោកក្បាលទៅនិងលូបែកក្បាលស្លាប់ភ្លាមៗ ចំណែកឯបុរសម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានដឹកតាមកង់បីយកទៅសង្រ្គោះភ្លាម ៗ។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះ មកដល់ធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ជាបណ្ដោះអាសន្ន រង់ចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ។ ចំណែកឯសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕