កណ្តាល៖
ពិតជាសំណាង១ ក្នុង១ម៉ឺនគ្រោះថ្នាក់ ដែលបុរសវ័យចំណាស់ម្នាក់ បានកៀបជាប់នៅក្នុងរថយន្ត ត្រូវបានសមត្ថកិច្ចជួយគាស់ទ្វារទាញយកជនរងគ្រោះ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយបើកបររថយន្ត បុករថយន្តធំមិនស្គាល់ម៉ាក ដោយហេតុការណ៍នេះ បានកើតនៅលាម៉ោង ២៣និង ៥នាទីកណ្តាលអាធ្រាតថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ 21 ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ត្រី ឃុន ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរកាខ្ពស់ បានប្រាប់អោយដឹង ថា÷ជនរងគ្រោះមានឈ្មោះ សៀម ម៉ាលី ភេទប្រុសអាយុ៦៨ឆ្នាំ ជាមន្ត្រីចូលនិវត្តន៏ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ (រងរបួសធ្ងន់សន្លប់ស្តូកស្តឹង កៀបជាប់ក្នុងរថយន្ត ) បើកបររថយន្តម៉ាក PRADO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-5994ទិសដៅ ពីលិចទៅកើត (តាខ្មៅ - ទួលក្រសាំង) បានបុករថយន្តធំមួយគ្រឿងនៅខាងមុខ មិនស្គាល់ម៉ាក មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានបើករត់គេចមុនសមត្ថកិច្ចទៅដល់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានជួយអន្តរាគមន៍ ដោយគាស់ទ្វាររថយន្ត (ពោងសុវត្ថិភាព បានផ្ទុះទាំងពីរ ) និងទាញយកជនរងគ្រោះដឹកតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកជ័យជំនះ ចំនែករថយន្តរងការខូចខាតធ្ងន់ មួយកំណាត់មុខផ្នែកម៉ាស៊ីនស្ទើ ក្លាយជាដែកអេតចាយ ។
សមត្ថកិច្ចបានដាក់សេចក្តីសន្និដ្ឋានបឋមថា គឺបណ្តាលមកពីជនរងគ្រោះ បើកបរក្នុង ល្បឿនលឿន និងមានការធ្វេសប្រហេស មើលមិនច្បាស់ឧបសគ្គខាងមុខ ៕
