ភ្នំពេញ៖ ដើម្បីទាក់ទាញទេសចរ និងកៀរគរធនធានថវិកា ជួយដល់កងទ័ពជួរមុខ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត នឹងរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ នៅថ្ងៃទី២៦ ខែមេសា ក្នុងក្រុងបាត់ដំបង។
ក្នុងជំនួបជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមេសា ជុំវិញដំណើរការរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ចាត់ទុកកម្មវិធីរត់ដើម្បីទេសចរណ៍ និងសប្បុរសធម៌នេះ នឹងជំរុញសកម្មភាពសេដ្ឋកិច្ច និងប្រាក់ចំណូលពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។
ដោយឡែកឯកឧត្តម សុខ លូ គាំទ្រឱ្យមានកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់នេះឡើង ដើម្បីកៀរគរថវិកា និងសម្ភារ ជួយដល់កងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បង្ហាញក្តីរំពឹងដូច្នេះថា៖ «កម្មវិធីនេះនឹងផ្តល់ភាពសប្បាយរីករាយផង និងផ្សារភ្ជាប់សកម្មភាពមនុស្សធម៌ផង ក្នុងគោលបំណងកៀរគរធនធានឧបត្ថម្ភដល់កងកម្លាំងជួរមុខ»។
កម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា នឹងចាប់ផ្តើមនៅវិមានឯករាជក្រុងបាត់ដំបង ចាប់ពីម៉ោង ៦ព្រឹក លើវិញ្ញាសា ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ៕

