សមត្ថកិច្ចបង្ខំបន្ទុះអាវុធជាច្រើនគ្រាប់ ក្នុងករណីចុះបង្រ្កាបអគារលួចប្រព្រឹត្តបទល្មើស ឆបោកអនឡាញ នៅប៉ោយប៉ែត

National • April 23, 2026
សមត្ថកិច្ចបង្ខំបន្ទុះអាវុធជាច្រើនគ្រាប់ ក្នុងករណីចុះបង្រ្កាបអគារលួចប្រព្រឹត្តបទល្មើស  ឆបោកអនឡាញ នៅប៉ោយប៉ែត

បន្ទាយមានជ័យ៖

សមត្ថកិច្ច បង្ខំបន្ទុះអាវុធជាច្រើនគ្រាប់ ក្នុងករណីចុះបង្រ្កាបអគារលួច ប្រព្រឹត្តបទល្មើសឆបោកអនឡាញ នៅថ្ងៃទី22 ខែមេសា ឆ្នាំ2026 ក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ខណៈដែលកម្លាំងអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបទីតាំងលួចប្រព្រឹត្តបទល្មើសឆបោកអនឡាញ ជនជាតិបរទេសមួយចំនួន បានធ្វើសកម្មភាពទំលាក់តុ កៅអី កញ្ចក់ សម្ភារៈផ្សេងៗពីជាន់ទី១០ ទម្លាក់ចុះមកក្រោម បង្កចលាចល ធ្វើឲ្យជនបរទេសមួយចំនួននៅខាងក្រោម ឆ្លៀតឱកាសសម្រុកទំលាយទ្វាររត់ចេញគេចខ្លួន ។ សមត្ថកិច្ចបង្ខំបន្ទុះអាវុធដើម្បីគ្រប់គ្រងសភាពការណ៍ តែមិនបង្កឲ្យជនបរទេសណាម្នាក់រងរបួសដោយការបន្ទុះអាវុធនេះឡើយ។

សមត្ថកិច្ច បានឲ្យដឹងថា៖ការអនុវត្តបង្ក្រាបនេះ គឺជាការអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្រប សម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោក អនឡាញ ចំនួន០2ទីតាំង ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងករណីចុះបង្ក្រាបបទល្មើសឆបោកអនឡាញនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ប្រមាណជាង ៣០០នាក់ មានច្រើនជាតិសាស្ត្រ និងរកឃើញឧបករណ៍សម្ហារៈដែល ប្រព្រឹត្តបទល្មើស ឆបោកអនឡាញមួយចំនួន បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី៕






x Enlarged Image