ភ្នំពេញ ៖ 

អគ្គិភ័យ បានឆាបឆេះរថយន្តកុងតឺន័រមួយគ្រឿងយ៉ាងសន្ធោសន្ធៅ ខណៈម្ចាស់ បើកចេញពីក្រុមហ៊ុន រួចធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់ ហើយ ពេលបើកមកដល់ក្បែរនិងស្តុបណតប្រ៊ីត ស្រាប់តែគៀបហ្រ្វាំងបង្កទៅជាអគ្គិភ័យឆាបឆេះផ្អើលដល់សមត្ថកិច្ចជំនាញ បញ្ចេញរថយន្តមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៦:៥០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅលើបណ្ដោយផ្លូវទ្រុងមាន់ ចំណុចក្បែរស្តុបណតប្រ៊ីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។ បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ តាកែវ 3A-4624 បើកបរ ដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់ទិសដៅពីត្បូងទៅជើង។

ខណៈពេលបើកមកដល់ចំណុចកើតហេតុក្បែរនិងស្តុបណតប្រ៊ីត ស្រាប់តែឆេះផ្នែកពីខាងក្រោមមុន រួចបន្តឆេះរាលដាលយ៉ាងសន្ធោសន្ធៅ។ ភ្លាមនោះដែរ តៃកុងរថយន្តរួមទាំងប្រជាពលរដ្ឋក្បែខាង នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ទប់ស្កាត់។ ទោះជាយ៉ាងណា អណ្ដាតភ្លើងនៅតែបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមនោះ ពួកគេ ក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គិភ័យមកជួយ ។

ក្រោយទទួលដំណឹងខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តទៅជួយបាញ់ពន្លត់ ។ ក្រោយពេលប្រតិបត្តិការណ៍បាញ់ពន្លត់ចប់ មានការប្រើប្រាស់រថយន្តទឹកអស់ជាច្រើន គ្រឿង ហើយ មិនមានអ្នករងរបួសនោះឡើយក្នុងហេតុការណ៍ ៕