ភ្នំពេញ៖
បុរសម្នាក់ បានបើកម៉ូតូឌ្រីមសង់មួយគ្រឿងក្នុងល្បឿនលឿនវ៉ាជែង ក៏ជ្រុលទៅ បុកម៉ូតូសណ្តោងរ៉ឺម៉កបើកទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យក្មេងស្រីភាគីខាងរ៉ឺម៉ក បានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩និង ២៥នាទី យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវបេតុង ផ្សារសំបួរមាស ក្នុងសង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ។ បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង បើកបរលក្ខណៈគ្រួសារមានគ្នា៤នាក់ ធ្វើដំណើរតាម បណ្តោយផ្លូវបេតុងទិសដៅពីលិចទៅកើត។
លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានម៉ូតូម៉ាកហុងដាឌ្រីម សង់ ពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាកលេខភ្នំពេញ JO-0562 ជិះដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្រ្ចាសគ្នាពីកើតទៅលិចក្នុងល្បឿនលឿនវ៉ាជែង ក៏ជ្រុលទៅបុកចំពីមុខ រ៉ឺម៉កយ៉ាង ពេញទំហឹង បណ្ដាលឱ្យក្មេងស្រីរងគ្រោះធ្លាក់ពីលើរ៉ឺម៉ក រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋក្បែរខាង នាំគ្នាទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកយកទៅសង្គ្រោះបន្ទាន់តែអកុសល ក្មេងស្រីរូបនោះត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ សហការជាមួយមន្ត្រីជំនាញចរាចរណ៍ក្រុង ចុះទៅដល់ធ្វើការវាស់វែងយកម៉ូតូនិងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលល្អរាជធានីភ្នំពេញជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕
