ភ្នំពេញ៖ 

ជនសង្ស័យជាជនជាតិចិនចំនួន១១នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ នៅក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយ យកជនរងគ្រោះ ទៅបង្ខាំងទុកខេត្តព្រះសីហនុ។  

តាមនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថានៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ Phan Van Tien (ផាន់ វ៉ាន់ ទៀន) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម ដោយកាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៦ វេលាម៉ោង០៣៖៤០នាទី មិត្តស្រីរបស់ខ្លួនឈ្មោះ Lam Thi Nheu (ឡាំ ទី ញ៉ែវ) អាយុ២១ឆ្នាំ ជនជាតិវៀតណាម ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើសកម្មភាពបង្ខាំង និងជំរិតទារប្រាក់ ចេញពីចំណុចសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ   កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរៈសេនីយ៍ឯក ហែម បូណា និងលោកវរៈសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញដោយកំណត់បានអត្តសញ្ញាណ និងទីតាំងបង្ខាំងរបស់ជនសង្ស័យខាងលើ។ 

រហូតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២១៖២០នាទី កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះជនរងគ្រោះខាងលើ និងឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ខាងលើនៅ ត្រង់ចំណុចសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចក៏បានរំដោះជនរងគ្រោះចំនួន ៣នាក់ផងដែរ។

តាមនគរបាល បានឲ្យដឹងទៀតថាក្រុមជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពជាច្រើនលើកមកហើយ  ដោយបានណាត់នារីរងគ្រោះដើម្បីជួបបម្រើសេវាផ្លូវភេទ រួចក៏ចាប់បង្ខាំង និងជំរិតទារប្រាក់តែម្ដង។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមផ្លូវច្បាប់៕