បន្ទាយមានជ័យ៖
កម្លាំងចម្រុះ បានឡោមព័ទ្ធអគារអនឡាញហ្គេម ឃាត់ខ្លួនជនបរទេសមិនតិចជាងពាន់នាក់ បណ្តាលឲ្យផ្ទុះអាវុធជាច្រើនគ្រាប់នៅល្ងាចថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២៦ នៅតំបន់សេដ្ឋកិច្ចសាន់កូ ស្ថិតភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិបង្ក្រាប ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំកម្លាំងចម្រុះជាង៥០០នាក់។
ក្នុងពេលប្រតិបត្តិការបង្ក្រាបទីតាំងអនឡាញហ្គេមនៅតំបន់សេដ្ឋកិច្ចសាន់កូនេះ នៅពេលដែលកម្លាំងឡោមព័ទ្ធ មានរថយន្ត១គ្រឿងថយបុកជញ្ជាំងបេតុងខាងជើង ហើយសម្រុកចេញទ្វារមុខ ខាងលិចនិងទ្វារខាងត្បូង ត្រូវបានកម្លាំងចម្រុះបានប្រើប្រាស់អាវុធបាញ់ជាច្រើនគ្រាប់ គម្រាមទប់ស្កាត់។
កម្លាំងចម្រុះ ដែលចុះប្រតិបត្តិការបង្ក្រាបទីតាំងអនឡាញហ្គេមនេះ បានឃាត់ខ្លួនជនបរទេសមិនតិចជាងពាន់នាក់នោះទេ ហើយ ត្រូវកម្លាំងចាប់បញ្ជូនតាមរថយន្តដឹកចេញជាបន្តបន្ទាប់។ គួរកត់សំគាល់ថា នៅក្នុងខែមេសានេះ សមត្ថកិច្ច បន្តអនុវត្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ទ្ធបច្ចេកវិទ្យាអនឡាញហ្គេមនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាបន្តបន្ទាប់ ផងដែរ៕
