កំពង់ស្ពឺ៖
ក្រុមក្មេងទំនើងចំនួន០៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពីក្រុមក្មេងទំនើងធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ហើយ ចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក( Facebook)។
ការឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសី បាននិយាយឲ្យដឹងថា ក្រុមក្មេងទំនើងចំនួន០៣នាក់នោះ រួមមាន៖ ទី១-ឈ្មោះ កេង វត្ថា (ហៅវ័ន) ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅក្នុងភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកលើកម៉ូតូបង្ហោះ និងជាម្ចាស់ហ្វេសបុកឈ្មោះ Li Pu។
ទី២-ឈ្មោះ យិន វាសនា (ហៅថាត់) ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកអង្គុយកណ្ដាល និង ទី៣-ឈ្មោះ នៅ សុម៉ាធីណា (ហៅធ្មេញ) នៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកជិះម៉ូតូឌុប អ្នកថតម៉ូតូជិះធ្វើសកម្មភាព ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០២៥ ពណ៌ខ្មៅគ្មានស្លាកលេខ។
នគរបាលស្រុកគងពិសី បានបន្តឲ្យដឹងទេថាចំណែកបក្ខពួកចំនួន០២នាក់ផ្សេងទៀតដែលកំពុងរត់គេចខ្លួន៖ទី១-ឈ្មោះ យុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (អ្នកថត) និងទី២-ឈ្មោះ នឹក ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកអង្គុយក្រោយ នគរបាលកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកអនុវត្ត។
នគរបាលស្រុកគងពិសី បានបញ្ជាក់ឲ្យដឹងថាក្រុមក្មេងទំនើងទាំង ០៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុក សួរនាំបន្តនិតិវិធី តាមអនុសាសន៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ៖
ទី១- កោសក់ពុះជើងក្អែក ធ្វើពលកម្មតាមដងផ្លូវ ទី២-អប់រំធ្វើកិច្ចសន្យាប្រគល់ជូនឪពុកម្តាយយកទៅអប់រំបន្ត និងទី៣- រក្សាវត្ថុតាងម៉ូតូទុករយ:ពេល៩០ថ្ងៃទើបប្រគល់ឱ្យយកទៅប្រើប្រាស់វិញ៕
