កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតសាលារចនា លើកទី៩ ក្រោមប្រធានបទ “អនុស្សាវរីយ៍” នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្នុងឱកាសនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពរបស់ ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការ លោកសាកលវិទ្យាធិការរង លោក ព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង លោកប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ និងប្អូនៗនិស្សិត, តំណាងស.ស.យ.ក. រាជធានីភ្នំពេញ, តំណាងក្រសួង ស្ថាប័ន, អាជ្ញាធរដែនដី, តំណាងម្ចាស់ឧបត្ថម្ភកម្មវិធី, ភ្ញៀវកិត្តយស ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ពិព័រណ៌នេះមានរយៈពេល៣ថ្ងៃ គឺចាប់ថ្ងៃទី ៣-៥ ខែមេសា ឆ្នាំ ២០២៦ ដែលជាការរៀបចំឡើងដោយគណៈកម្មការនិស្សិត ដែលជាសមាជិក ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គោលបំណងក្នុងការរៀបចំពិព័រណ៍ស្នាដៃនិស្សិតសាលារចនា លើកទី៩ ក្រោមប្រធានបទ “អនុស្សាវរីយ៍” ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។ ជាងនេះទៀត ក៏ជាឱកាសសម្រាប់ប្អូនៗនិស្សិតបង្ហាញពីស្នាដៃ និងទេពកោសល្យដែលជាមរតកទាំង៥ របស់សាកលវិទ្យាល័យ ដើម្បីរក្សាអត្តសញ្ញាណ និងគុណតម្លៃមរតកវប្បធម៌ ដែលបានកសាងដោយថ្នាក់ដឹកនាំ និងនិស្សិតគ្រប់ជំនាន់ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ ដល់មហាជន ជាពិសេសផ្សព្វផ្សាយដល់ប្អូនៗសិស្សានុសិស្ស និស្សិត ចូលរួមថែរក្សានិងអភិរក្ស។ ក្នុងកម្មវិធីនេះក៍មានការលេងល្បែងប្រជាប្រិយ និងការសម្តែងសិល្បៈទស្សនីយភាពចម្រុះនាពេលរាត្រីជូនសាធារណជនបានទស្សនាផងដែរ៕
