ភ្នំពេញ៖ 

លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ ជាឃាតករធ្វើ សកម្មភាពបាញ់សម្លាប់ស្ត្រីម្នាក់នៅហាង អ៊ុតសក់ នៅផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌសែនជ័យ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ឃាតកម្ម គិតទុកជាមុន និង ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីថ្ងៃទី១២  ខែមេសា ឆ្នាំ២០២៦ បទល្មើសដែលបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២០០ និងមាត្រា ៤៩ ០ នៃក្រមព្រហ្មទណ្ឌ ។

តាមការចោទប្រកាន់លើបទល្មើសឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសលើជនជាប់ចោទដាក់ពន្ធនាគារអស់មួយជីវិត ។ ចំណែកមាត្រា ៤៩០ កាន់កាប់ និងប្រើប្រាស់អាវុធដោយ គ្មានការអនុញ្ញាត ត្រូវផ្តនទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លាន ទៅ ៦ លានរៀល ។ 

ជនសង្ស័យដែលជាឃាតករ ឈ្មោះ ធួក ជី ហៅ អាជី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅ បន្ទប់ជួលលេខ១៥២ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាត់ខ្លួននៅត្រង់ចំណុចក្នុងព្រៃ ភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២២៦ ។ បន្ទាប់ពីបាញ់សម្លាប់ស្ត្រីរងគ្រោះជាអតីតប្រពន្ធ ឈ្មោះ ជុន តឿ ភេទស្រី អាយុ២២ ឆ្នាំ នៅចំណុចតូបសាឡនយីហោ"ម៉ាមី "ផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីវេលាម៉ោង ៣និង១៤នាទី រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ហើយជនរងគ្រោះ បានរត់ទៅដួល នៅក្នុងហាងកាត់សក់យីហោ"BORIN" ទល់មុខនោះ៕