ភ្នំពេញ៖
ចៅស្រី២នាក់ ត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ចាក់សម្លាប់យាយ ដោយខឹងហាមឃាត់មិនអោយមានស្នេហាក្នុងវ័យសិក្សា ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ ៣អា តាមបណ្តោយផ្លូវលេខ ៦២០ ភូមិកណ្តាល សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ចៅស្រីដែលត្រូវចាប់ខ្លួន១ ឈ្មោះ សេងច័ន្ទបូណ៍មី អាយុ ១៩ឆ្នាំ , ២.ឈ្មោះ សេង ហេង សានីកា អាយុ ១៨ឆ្នាំ អ្នកទាំង ០២ស្នាក់នៅផ្ទះកើតហេតុ ។
ចំណែកជនរងគ្រោះ ឈ្មោះ ទី គង់ ភេទស្រី អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវជាជីដូនបង្កើតរបស់ចៅស្រីដែលជាឃាតករ។
តាមព័ត៌មាន បានអោយដឹងថាបន្ទាប់ពីមានការរាយការណ៍ពីគ្រួសារសាច់ញ្ញាត្តិ មាន មនុស្សស្លាប់នៅក្នុងមូលដ្ឋាន ភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ជូនមន្រ្តីជំនាញចក្ខុកោសល្យវិច័យ បានចុះទៅត្រួតពិនិត្យសព បែរជារកឃើញមានស្លាកស្នាម កាំបិតពីក្រោយខ្នង ទើបកម្លាំងសមត្ថកិច្ច បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ ខ្លួនជនសង្ស័យ០២នាក់ ជាចៅស្រីបង្កើត ដែលស្នាក់នៅជាមួយគ្នា យកទៅសួរនាំ នៅអធិការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
តាមចម្លើយសារភាពពីជនសង្ស័យទាំង០២នាក់(ចៅស្រី) បានឲ្យដឹងថា កាលពីវេលា ម៉ោង ១០និង២០នាទីយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ដោយខ្លួនបានយកកាំបិតចុងស្រួច ចាក់ទៅលើលោកយាយ ពីក្រោយខ្នង ចំនួន ១កាំបិត បណ្តាលអោយហូរឈាម រហូតដល់ស្លាប់ ។ ការចាក់លោកយាយ ដោយខ្លួនបានគុំកួនជាមួយលោកយាយ ជាយូរមកហើយ ព្រោះតែលោកយាយ បានហាមឃាត់ខ្លួនមិនអោយមានស្នេហាក្នុងវ័យសិក្សា ៕
