កាលពីពេលថ្មីៗនេះ និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានរួមគ្នា សម្តែងនូវផ្ទាំងទស្សនីយភាព របាំមួយដ៏គួរឱ្យចាប់អារម្មណ៍មានឈ្មោះថា របាំសាមគ្គីជាជ័យ ជាទម្រង់របាំក្បាច់បុរាណ។
របាំនេះ ជាទម្រង់ក្បាច់របាំបុរាណដែលត្រូវបានដំឡើងឡើងយ៉ាងផ្ចិតផ្ចង់ ដើម្បីដាស់ស្មារតីសាមគ្គីភាព និងមោទកភាពជាតិជូនដល់ប្រជាជនកម្ពុជា។ ចូរយើងបន្តរួបរួមគ្នាជាធ្លុងមួយ ដើម្បីរុញច្រានកេរ្តិ៍នាមនៃព្រះរាជាណាចក្រកម្ពុជា ឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់តាមរយៈសិល្បៈវប្បធម៌ ដ៏វិសេសវិសាល។
ទន្ទឹមជាមួយគ្នានេះ ការសម្តែងរបាំនេះ ក៏ជាសារទៅដល់ប្រជាជនកម្ពុជា ចូលរួមបន្តសាមគ្គីគ្នាទៅមុខ ដើម្បីរុញច្រានកិត្តិនាមកម្ពុជា ឱ្យពិភពលោកបានស្គាល់។ ប្រទេសកម្ពុជាត្រូវការសន្តិភាព និងចង់ឱ្យសន្តិភាពស្ថិតស្ថេរតរៀងទៅ។
សិល្បករជាអ្នកតំណាងដល់ប្រជាជនកម្ពុជា សូមលើកហត្ថប្រណម្យបួងសួងដល់ទេវតាទាំងឡាយ ជួយឃុំគ្រងប្រទេស កម្ពុជាឱ្យបានសុខសាន្ត និងសូមឱ្យកម្លាំងសាមគ្គីនាំមកនូវជោគជ័យ ក៏ដូចជាជូនពរឆ្នាំថ្មីដល់ប្រជាជនកម្ពុជា។
គួរជម្រាបជូនថា កម្ពុជាជាព្រះរាជាណាចក្រនៃវប្បធម៌ ដែលមានរបាំធំៗចំនួន៣ទម្រង់ គឺទម្រង់ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ។ របាំនីមួយៗចែកចេញជាប្រភេទបន្តទៀត។ តួយ៉ាងដូចជាទម្រង់របាំបុរាណ ឬរបាំព្រះរាជទ្រព្យ ចែកចេញជា២ប្រភេទ គឺរបាំ និងល្ខោន។ របាំ គឺគេរាំមានរយៈពេលខ្លីៗ ដូចជារបាំអប្សរា របាំទេពមនោរម្យ របាំជូនពរ និងរបាំបួងសួងជាដើម។ ចំណែកល្ខោន ដែលស្ថិតក្នុងទម្រង់របាំដែរនោះ គឺគេតែងជាសាច់រឿងមួយ ហើយយកទៅតម្លើងជារបាំរឿង មានដូចជារឿងព្រះវេសន្ត រឿងរាមកេរ្ដិ៍ និងរឿងព្រះជិនវង្សជាដើម។
ចំពោះរបាំប្រពៃណីវិញ ត្រូវបានបែងចែកជា២ប្រភេទដូចគ្នា គឺរបាំជំនឿដូនតា និងរបាំប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរ។ របាំជំនឿដូនតា មានដូចជារបាំសែនព្រលឹងស្រូវ និងរបាំកាប់ក្របីជាដើម ដែលជារបាំរបស់ជនជាតិដើមភាគតិចខ្មែរ។ រីឯរបាំប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរវិញ រួមមានរបាំច្រូតស្រូវ របាំនេសាទ និងរបាំជាច្រើនទៀត ដែលស្ដីពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។
បើតាមលោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងវប្បធម៌ មានបំណងបញ្ចូលទម្រង់របាំសហសម័យខ្មែរមួយទៀត ជាទម្រង់របាំផ្លូវការរបស់ជាតិ។ ទោះជាយ៉ាងណា លោកថាកិច្ចការនេះ នៅមិនទាន់ចេញជាផ្លូវការនៅឡើយ៕
