ភ្នំពេញ៖
ក្រុមអ្នកតវ៉ាជាជនជាតិចិន ចំនួន២នាក់ បានរងរបួសនិងតំណាង២នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ានិងសមត្ថកិច្ចចម្រុះដែលបានរារាំងមិនឲ្យលើកគ្នាទៅតវ៉ានៅមុខធនាគារជាតិនៃកម្ពុជា។
ហេតុការណ៍ហិង្សានេះ បានកើតឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២៦នេះ បន្ទាប់ពីជនរងគ្រោះចម្រុះជាតិសាសន៍ដែលជាអតិថិជនគ្រឹះស្ថានHuione(ហួយវ័ន) រឺ Hpay (អេច ផេ) បានផ្ទុះការតវ៉ាជាថ្មីដោយនាំគ្នាជួបប្រមូលផ្តុំ និងលើកគ្នាទៅកាន់ធនាគារជាតិនៃកម្ពុជា ដែលស្ថិតនៅតាមបណ្ដោយវិថីភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញដើម្បីអោយជួយដោះស្រាយប្រាក់ដែលពួកគេបានផ្ញើហើយត្រូវបានរារាំងដោយកម្លាំងសមត្ថកិច្ចចម្រុះ។
តាមព័ត៌មានបានឲ្យដឹងថានៅវេលាម៉ោងប្រមាណ៨ព្រឹក ជនរងគ្រោះចម្រុះជាតិសាសន៍ ប្រមាណ១០០នាក់ ដែលភាគច្រើនជាជនជាតិចិន បាននាំគ្នាជួបប្រមូលផ្ដុំជាថ្មីដើម្បីតវ៉ាអោយធានាគាជាតិជួយដោះស្រាយលុយរបស់ពួកគេ ព្រមទាំងទទូចស្នើសូម សម្តេចពុក សម្តេចម៉ែ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយរកយុត្តិធម៌ដល់ពួកគាត់ ដែលរងគ្រោះដោយសារ គ្រឹះស្ថាន Huione (ហួយវ័ន) រឺ Hpay (អេច ផេ) បោកប្រាស់ទំនុកចិត្ត។
តាមព័ត៌មានបានឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នានេះបណ្ដាលឲ្យជនជាតិចិនចំនួនពីរនាក់ បានរងរបួសហើយតំណាងចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសាកសួរ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចមូលដ្ឋានពុំបានអោយដឹងពីចំនួនអ្នករងរបួសនិងចំនួនអ្នកដែលត្រូវឃាត់ខ្លួននៅក្នុងការប៉ះទង្គិចគ្នានេះឡើយ។
តាមក្រុមអ្នកតវ៉ាបានអោយដឹងថា នេះជាលើកទី៣ដែលពួកគាត់រងគ្រោះ បានលើកគ្នាមកតវ៉ាដើម្បីធអោយធានាគាជាតិជួយដោះស្រាយលុយរបស់ពួកគាត់៕
