ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវប្បធម៌ខ្មែរ និងប្រពៃណីដ៏ផូរផង់របស់កម្ពុជាលើទឹកដីនៃប្រទេសជប៉ុន តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ពេជ្រ សូលីកា ត្រៀមបង្ហាញវត្តមាននៅប្រទេសជប៉ុន ក្នុងកម្មវិធី «ពិព័រណ៍កម្ពុជាលើកទី១០» 

ពិព័រណ៍កម្ពុជាលើកទី១០ គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៦ សហការរៀបចំដោយ               ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន រួមជាមួយសហគមន៍ខ្មែរនៅជប៉ុន និងប្រជាជនជប៉ុនដែលស្រលាញ់វប្បធម៌ខ្មែរ ក្នុងគោលបំណងបង្ហាញពីវប្បធម៌និងប្រពៃណីខ្មែរនៅប្រទេសជប៉ុន។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃ ៣-៤ ខែ ឧសភា ឆ្នាំ ២០២៦ នៅឧទ្យានមួយកន្លែងក្នុង          ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ចំពោះ ព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះមានស្តង់ជាង ៥០ ដែលបង្ហាញពី   ម្ហូបអាហារខ្មែរ សិប្បកម្មចម្លាក់ប្រពៃណី ផលិតផលក្នុងស្រុក ព័ត៌មានទេសចរណ៍ និងកាលានុវត្តភាពនៃការធ្វើវិនិយោគ។

ក្រៅពីបានទស្សនាការសម្តែងរបស់អ្នកនាង ពេជ្រ សូលីកា ហើយ សាធារណៈជននៅក្នុងប្រទេសជប៉ុន ក៏នឹងទទួលបានភាពសប្បាយរីករាយជាមួយការសម្តែងសិល្បៈជាច្រើន រួមមាន៖ របាំប្រពៃណីខ្មែរដែលសម្តែងដោយសិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់ប្រទេសកម្ពុជា ការបង្ហាញទស្សនីយភាពរវប្បធម៌បស់សហគមន៍ខ្មែរនៅប្រទេសជប៉ុន ក៏ដូចជាការចូលរួមពីជនជាតិជប៉ុនដែលស្រលាញ់វប្បធម៌ខ្មែរ។ ការសម្តែងរបស់សិល្បករ សិល្បការិនីខ្មែរក្នុងទម្រង់សម័យ ក៏នឹងមានការបង្ហាញដូចគ្នាដែរ ដើម្បីលើកកម្ពស់ការយល់ដឹង និងការឱ្យតម្លៃគ្នាទៅវិញទៅមក។

ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សូមគោរពអញ្ជើញយ៉ាងកក់ក្តៅចំពោះ   ប្រជាជនខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន និងភ្ញៀវអន្តរជាតិចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ដ៏មាន សារៈសំខាន់មួយនេះ៕