(កំពត)៖ 

មន្ត្រីនគរបាលម្នាក់នៅអធិការដ្ឋាននគរបាលក្រុងកំពត ត្រូវបានស្នងការខេត្តបញ្ជាឱ្យនាំខ្លួនមកអនុវត្តតាមច្បាប់ជាបន្ទាន់ បន្ទាប់ពីបានបង្កហិង្សាដោយការគប់កែវស្រាទៅលើស្ត្រីជាអ្នកសេវាកម្មចាប់ទឹកកកម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ហេតុការណ៍ដែលមិនគួរឱ្យជឿនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ជនរងគ្រោះមានឈ្មោះ ទិត្យ ធូ ជាអ្នកស៊ី ឈ្នួលចាប់ទឹកកកឱ្យភ្ញៀវតាមកម្មវិធី។ ចំណែកឯជនបង្ក ត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ ទេព សុខផេង ជាមន្ត្រីនគរបាលបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពត ។

តាមប្រភពនៅកន្លែងកើតហេតុ បានបង្ហើបថា ដើមចមនៃជម្លោះនេះ គឺផ្ដើមចេញពីរឿងបន្តិចបន្តួចប៉ុណ្ណោះ ដោយសារភ្ញៀវជាមន្ត្រីនគរបាលរូបនោះ ខឹងនិងស្ត្រីរងគ្រោះដែលបំពេញការងារយឺតយ៉ាវ ឬខ្វះទឹកកកក្នុងកែវស្រា ទើបឈានដល់ការប្រើហិង្សាគប់កែវស្រាសំដៅទៅលើផ្ទៃមុខជនរងគ្រោះពេញទំហឹង បណ្ដាលឱ្យបែកក្បាល និងត្រូវចំក្រោមភ្នែក រងរបួសឈាមស្រោចមុខ រហូតត្រូវបានក្រុមការងារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។

ពាក់ព័ន្ធនិងករណីនេះ បើទោះបីជាជនរងគ្រោះ មិនទាន់បានដាក់ពាក្យបណ្ដឹងជាផ្លូវការ ក៏ដោយ ប៉ុន្តែក្រោមការយកចិត្តទុកដាក់លើសុវត្ថិភាពពលរដ្ឋ និងវិន័យជួរកងកម្លាំង លោកឧត្តមសេ នីយ៍ទោ ស្នងការនគរបាលខេត្តកំពត បានចេញបញ្ជាយ៉ាងដាច់ណាត់ឱ្យកម្លាំងជំនាញនាំខ្លួនមន្ត្រីបង្ករូបនោះមកស្នងការដ្ឋាន ដើម្បីដោះស្រា យតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែងឡើយ។

ការប្រតិកម្មពីមហាជនមហាជនបានសម្តែងការហួសចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះទង្វើអសីលធម៌របស់មន្ត្រីនគរបាលរូបនេះ ដែលប្រើអំណាច និងហិង្សាលើស្ត្រីទន់ខ្សោយដែលកំពុងបំពេញការងារដោយសុច្ចរិត ។ ជាមួយគ្នានេះ គេក៏បានសម្តែងការគាំទ្រចំពោះចំណាត់ការយ៉ាងរហ័សរបស់លោកស្នងការខេត្ត ដែលមិនបណ្ដោយឱ្យជនបង្កស្ថិតនៅក្រៅសំណាញ់ច្បាប់ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាលជាតិ។ បច្ចុប្បន្ន ជនបង្កកំពុងស្ថិតក្រោមការសាកសួរ និងអនុវត្តវិន័យកងកម្លាំង រួមទាំងរង់ចាំការចោទប្រកាន់តាមផ្លូវច្បាប់ជាបន្តទៀត៕