បាត់ដំបង៖
សេចក្តីរាយការណ៍បឋមបានអោយដឹងថា នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សម្រាប់ខេត្តបាត់ដំបង មានស្រុកមួយចំនួនមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ហើយក៏បំផ្លាញ ផ្ទះសំបែង ទ្រព្យសម្បត្តិ និងផលដំណាំផ្សេងៗផងដែរ។
ជាមួយហេតុការណ៍គ្រោះធម្មជាតិខាងលើនេះដែរ បើយោងតាមរបាយការណ៍ពីមន្ត្រីជំនាញ មានស្រុកពីរត្រូវបានខ្យល់បក់បោកយ៉ាងខ្លាំងនិងបានបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន ៣១ខ្នងរងការខូចខាត ក្នុងនោះមាន! ស្រុកបាណន់ ខូចខាតចំនួន២៧ខ្នង និងស្រុកថ្មគោល ខូចខាតចំនួន០៤ខ្នង។
ជាមួយគ្នានេះដែរ អាជ្ញាធរ និង សមត្ថកិច្ច កំពុងពន្លឿនក្នុងការចុះស្រង់នូវទំហំនៃផលប៉ះពាល់ដើម្បីរាយការណ៍បន្តទៅថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជា ដើម្បីយកជំនួយបឋមជូនដល់គ្រួសារជនរងគ្រោះផងដែរ៕
