ភ្នំពេញ៖
ជនត្រូវចោទឈ្មោះ ជា វុទ្ធី អតីតសង្ឃ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យនាំខ្លួន លេខ ៤១៦ (ដ-ច-ន) ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងបានប្រព្រឹត្តខុសវិន័យសង្ឃ បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនត្រូវចោទឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រះសង្ឃ នៅចំណុចវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យនាំខ្លួន លេខ ៤១៦ (ដ-ច-ន) ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ជាមួយគ្នានេះ ជនត្រូវចោទ បានប្រព្រឹត្តខុសវិន័យសង្ឃ បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ (បារាជិក) ដោយក្នុងនាមខ្លួន ជាព្រះសង្ឃបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយស្ត្រីក្មេងៗជាច្រើន ជួនកាលលួចដោះស្បង់ជីវរ ណាត់ជួបស្រីស្នេហ៍ រហូតដល់មានកូនថែមទៀតផង។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថាការចាប់ខ្លួនជនត្រូវចោទខាងលើគឺសមត្ថកិច្ច បានអនុវត្តត្រឹមត្រូវតាមនីតិវិធី ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ ព្រមទាំងភស្តុតាងច្បាស់លាស់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធរឿងនយោបាយ ឬសេរីភាពនៃការបញ្ចេញមតិនោះឡើយ។
សូមបដិសេធនិងច្រានចោលរាល់ការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួនតូច ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម ចោទសមត្ថកិច្ចថាការអនុវត្តន៍ច្បាប់ទៅលើជនត្រូវចោទ ជាការរំលោភបំពានសិទ្ធិសេរីភាព ដែលខ្លឹមសារនៃការចោទប្រកាន់បែបនេះគឺ គ្មានមូលដ្ឋានច្បាស់លាស់ដោយមិនផ្អែកលើអង្គហេតុពិតប្រាកដ និងអង្គច្បាប់ឱ្យបានត្រឹមត្រូវ ។
បច្ចុប្បន្ន ជនត្រូវចោទត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅតុលាការ និងត្រូវបានចៅក្រមស៊ើបសួរសម្រេច ឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគាររាជធានីភ្នំពេញ ៕
