កណ្តាល៖
ជនសង្ស័យម្នាក់ដែលជាអ្នកដឹកជញ្ជូន មាន់សាច់ ត្រូវបានជនរងគ្រោះជាម្ចាស់លុយ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនករណីរំលោភលើទំនុកចិត្ត ដោយយកលុយលក់មាន់ ១០លានរៀល ទៅលេងល្បែងចាញ់អស់ ដោយហេតុការណ៍បានកើតឡើងកាលពី ថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៦ នៅចំណុចភូមិកំពង់សំណាញ់(១) សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២១ ខែមេសាឆ្នាំ២០២៦ ។
សមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់បានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះ លូ គឹមជូ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ប្រាក់កាសបាត់បង់ចំនួន១០លានរៀល។ ចំនែកជនសង្ស័យមានឈ្មោះ ស្រេង ដេត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកលក់មាន់ និងទទួលប្រាក់ខែពីជនរងគ្រោះ និងមានទីលំនៅក្នុងភូមិសង្កាត់ជាមួយជនរងគ្រោះដែរ ។
ចំពោះវត្ថុតាងចាប់យក ៖ -ទូរស័ព្ទដៃចំនួន០២គ្រឿង - វិក្កយបត្រទូរទាត់ប្រាក់មួយចំនួន ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួនពិតជាបានយកលុយរបស់ជនរងគ្រោះថ្លៃលក់ សាច់មាន់ចំនួន១០លានរៀល ទៅចាយវាយនិងលេងល្បែងចាញ់អស់ ប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ បានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕
