ភ្នំពេញ៖
បុរសជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ចុះមកខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាព ប៉ុនប៉ងចូលទៅគាស់ផ្ទះប្រជាពលរដ្ឋ បំណងចូលទៅទ្រព្យសម្បត្តិ។
ហេតុការណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២:៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីម្ចាស់ផ្ទះបានអោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានសម្រាកនៅខាងក្នុងបន្ទប់។ ក្រោយមក ស្រាប់តែឭស្នូសំឡេងនៅហ្នឹងមាត់ទ្វារខាងមុខផ្ទះ ភ្លាមនោះដែរ គាត់ក៏មានការភ័យខ្លាច រួចអើតមើលពីខាងក្នុង ក៏ឃើញជនសង្ស័យកំពុងតែប៉ុនប៉ងគាស់ទ្វារចូល។ ពេលនោះគាត់ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ ។
ក្រោយទទួលដំណឹងខាងលើ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មី ក៏បានចុះមកដល់ រួចធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យ រួមទាំងវត្ថុតាងមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ដើម្បីធ្វើការសួរនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕
