នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌវប្បធម៌អរូបី និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំពះគ្រូ និងសម្តែងល្ខោនខោលរបស់សហគមន៍ល្ខោនខោលវត្តស្វាយអណ្តែត ស្ថិតក្នុងសង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្នុងឱកាសជាប្រពៃណីនៃសហគមន៍នេះ ក៏មានការនិមន្តចូលរួមគាំទ្រពីសំណាក់ព្រះសង្ឃតាមបណ្តាវត្តជុំវិញ និងការអញ្ជើញចូលរួមផ្តល់កិត្តិយសពីសំណាក់ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមអគ្គនាយកបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជូនដល់លោកគ្រូ អ្នកគ្រូ និងសិល្បករទាំងអស់។ ឯកឧត្តមបានគូសបញ្ជាក់ថា ពិធីសំពះគ្រូនេះមិនត្រឹមតែជាការជួបជុំគ្នាសម្តែងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជា "ការសម្តែងនូវកតញ្ញូតាធម៌" ដ៏ខ្ពង់ខ្ពស់ចំពោះបុព្វបុរសគ្រូអាចារ្យ ដែលបានថែរក្សាមរតកល្ខោនខោលដែលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិឱ្យនៅរស់រវើកដល់សព្វថ្ងៃ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលសង្កាត់ សារិកាកែវ គណៈគ្រប់គ្រងក្រុមល្ខោន និងការជ្រោមជ្រែងពីព្រះគ្រូចៅអធិការវត្តស្វាយអណ្តែត ដែលបានរៀបចំកម្មវិធីរយៈពេល ៥ថ្ងៃ (ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា) យ៉ាងអធិកអធម។ ឆ្លៀតឱកាសនោះ ឯកឧត្តមអគ្គនាយកបានសាទរចំពោះវឌ្ឍនភាពនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា "ជំនាញខ្មុកស្មាច់" នៅវត្តស្វាយអណ្តែត ដែលបានដំណើរការចំនួន២ឆ្នាំកន្លងមក ហើយទទួលបានសិស្សចូលរៀនច្រើននិងទទួលបានលទ្ធលផលសិក្សាល្អប្រសើរផងដែរ។ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យបន្តគាំទ្រចូលរួមទស្សនា និងជួយផ្សព្វផ្សាយពីតម្លៃនៃល្ខោនខោលវត្តស្វាយអណ្តែតឱ្យបានកាន់តែទូលំទូលាយ។ ក្នុងឱកាសនោះដែរ ដើម្បីជាការលើកទឹកចិត្តដល់សិល្បករ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ រៀល ជូនដល់ក្រុមល្ខោន ។
មិនតែប៉ុណ្ណោះ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ឈួរ សុបញ្ញា បានថ្លែងសំណេះ សំណាល និងផ្តល់ជាមតិយោបល់ ដើម្បីចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ជាតិ ចំនួន៣ចំណុច ឆ្លុះបញ្ចាំងអំពីសារៈសំខាន់និងការបន្តថែរក្សាល្ខោនខោលក្នុងសង្គមខ្មែរគឺ៖ (១). រៀនស្គាល់ ដើម្បីរក្សាអត្តសញ្ញាណជាតិ (២). ចូលរួមគាំទ្រ ដើម្បីរក្សាជីវិតសិល្បៈបុរាណ និង (៣). ផ្សព្វផ្សាយ ដើម្បីបន្តមរតកទៅជំនាន់ក្រោយ។ ក្នុងស្មារតីគាំទ្រសិល្បៈល្ខោនខោលវត្តស្វាយអណ្តែតឯកឧត្តមរដ្ឋលេខាធិការក៏បានចូលរួមថវិកាផ្ទាល់ខ្លួន ចំនួន ១.០០០.០០០រៀល ៕
