ភ្នំពេញ ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន ទទួលបានរង្វាន់ជិត ២៧ម៉ឺនដុល្លារ (សរុប ២៦៩០០០ដុល្លារ តែត្រូវពិន័យអស់ ១០០០ដុល្លារ) ក្នុងបេសកកម្ម នៃពានរង្វាន់លំដាប់ទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាលឆ្នាំ២០២៥-២៦។
យ៉ាងណាវិញ សម្រាប់ព្រះខ័នរាជស្វាយរៀង បានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់លំដាប់ទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាលឆ្នាំ២០២៥-២៦ រួចរាល់ ក្រោយយកឈ្នះ Manila Digger ក្នុងលទ្ធផលសរុបទាំង២ជើង ៤-១។

ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទីបអាស៊ីនេះ នៅសល់ ២ក្រុមផ្សេងទៀត នៅតំបន់អាស៊ីខាងលិច ដែលនឹងត្រូវជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២២ មេសា រវាង Muras United របស់កៀហ្ស៊ីស៊ីស្ថាន ជាមួយ Al-Kuwait របស់គុយវែត។ ស្របពេលវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា ជាក្រុមតែ១គត់ដែលនៅសល់ឱកាសប្រជែងពានរង្វាន់ប្រចាំទ្វីបអាស៊ី ពោលគឺដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រដូវកាលឆ្នាំ២០២៥-២៦ ជាមួយទឹកប្រាក់៨៤ម៉ឺនដុល្លារ ក្នុងដៃជាការស្រេច៕

