ភ្នំពេញ៖
បុរសម្នាក់ បានបើករថយន្តម៉ាកកាមរី ហាយប្រ៊ីតមួយគ្រឿង បើកចុះពីលើស្ពានអាកាស៧មករា លឿនជ្រុលកៀខឿនបែកកង់ វេកន្ទុយមកកណ្ដាលផ្លូវ ស្របពេលនោះ ម៉ូតូមកពីក្រោយបុកបន្ថែម បណ្ដាលឱ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០:៥០នាទីយប់ថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុង សង្កាត់ ទឹកល្អក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីត ពណ៌ស្ករ ១គ្រឿងពាក់ ផ្លាកលេខភ្នំពេញ 2Q-8833 បើកចុះពីលើស្ពានអាកាស ៧មករា ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ។
ខណៈពេលបើកចុះមកដលចុងស្ពាន ក៏រ៉េចង្កូត ទៅប៉ះខឿន បណ្តាលឲ្យបែកកង់មួយ ចំហៀងខាងស្តាំ ក៏ងាកកន្ទុយរថយន្តមកកណ្តាលផ្លូវស្របពេលមានម៉ូតូ១គ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ ផ្លាកលេខភ្នំពេញ 1AV-7491 ជិះដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយស្របគ្នាជាន់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុករថយន្តពីក្រោយចំហៀងខាងស្តាំបន្ថែម បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូ រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ ចំណែកអ្នកបើករថយន្តបង្ក រត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះ មកដល់ធ្វើការវាស់វែងស្ទូចយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយនៅពេលក្រោយ៕
