ភ្នំពេញ៖ 

បុរសម្នាក់ បានបើករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងឆ្លងស្តុបផ្លូវបំបែកជា៤ ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូជិះឆ្លងស្តុបដូចគ្នា បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូ រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវប៉ៅសេទុងកែងផ្លូវ កម្ពុជាក្រោម ក្នុងមូលដ្ឋាន ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1MH-0883 ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោមទិសដៅពីកើតទៅ លិចឆ្លងស្តុបផ្លូវ បំបែកទី 4 ។

ខណៈពេលបើកឆ្លងដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកCamry ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AX-6309បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងនារី២នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូង ឆ្លងស្តុបដូចគ្នា ក៏ជ្រុលទៅបុកនិងម៉ូតូប៉ងទៅចិញ្ចើមផ្លូវ បណ្តាលលឲ្យបុរសជាម្ចាស់ម៉ូតូ រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។ ចំណែកឯរថយន្តបន្តល្បឿនបើករត់ តែត្រូវក្រុមអ្នកដឹកជញ្ជូនតាមឃាត់បា នរួចរាយការណ៍ទៅសមត្ថកិច្ច។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះ មកវាស់វែងយកថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕