ភ្នំពេញ៖
ជនសង្ស័យជាចៅស្រី ដែលជាឃាតករចាក់សម្លាប់ជីដូន ត្រូវបាននគរបាលបង្ហាញមុខជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ ២០២៦នេះ។
សូមបញ្ជាក់ថាចៅស្រី២នាក់បងប្អូនដែលជាឃាតករចាក់សម្លាប់ជីដូន ត្រូវបានកម្លាំងនគរបាលត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាក់សម្លាប់ជីដូននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ ៣អា តាមបណ្តោយផ្លូវលេខ ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយខឹងហាមឃាត់មិនអោយមានស្នេហា ក្នុងវ័យសិក្សា ។
ចៅស្រីដែលជាឃាតកររូបស្រស់នោះ ១.ឈ្មោះ សេងច័ន្ទបូណ៍មី អាយុ១៩ឆ្នាំ, ២.ឈ្មោះ សេង ហេង សានីកា អាយុ ១៨ឆ្នាំ អ្នកទាំង ០២ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែកជនរងគ្រោះដែលជាជីដូន ឈ្មោះ ទី គង់ អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
ដើមចមដែលធ្វើអោយក្មេងស្រីពីរនាក់ដាច់ចិត្តចាក់សម្លាប់ជីដូន ត្រូវបានគេទម្លាយឲ្យដឹងថា នៅក្នុងអំឡុងខែមករា ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ ទី គង់ ដែលជាជីដូន បានស្តីបន្ទោសជនសង្ស័យឈ្មោះសេង ហេងសានីកា ភេទស្រី អាយុ១៨ឆ្នាំ (ត្រូវជាចៅស្រីបង្កើត) មិនឲ្យមានទំនាក់ទំនងស្នេហាជាមួយសង្សារ និងបានស្តីបន្ទោសជនសង្ស័យឈ្មោះសេង ច័ន្ទបូណ៌មី ភេទស្រី អាយុ១៩ឆ្នាំ(ត្រូវជាចៅស្រីបង្កើត)មិនឲ្យជក់បារីអេឡិចត្រូនិច និងទៅស្រលាញ់មនុស្សស្រីដូចគ្នា។ បន្ទាប់ពីស្តីបន្ទោសឲ្យ, ជនសង្ស័យ០២នាក់ខាងលើ ក៏មានទំនាស់ពាក្យសម្តីគ្នាជាច្រើនលើក ធ្វើឲ្យជនសង្ស័យទាំង០២នាក់ ខឹងមានគំនុំជាមួយជនរងគ្រោះដែលជាជីដូន ក៏បានរៀបចំគម្រោងចាក់សម្លាប់ជីដូននៅនិងផ្ទះតែម្ដង៕
