ភ្នំពេញ៖

អគារ Condo JD polman (ខន់ដូ ជេឌី ផូលមែន) ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះឆែកឆេរបង្ក្រាបករណីឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ( Online Scams ) ដោយឃាត់ជនសង្ស័យជាជនបរទេស០៨នាក់ ព្រមទាំងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន។

ប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ធ្វើឡើងកាលពីវេលាម៉ោង៧ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចបន្ទប់លេខ 1316 អាគារ Condo JD polman ស្ថិតនៅខាងជើងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ 

  ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ដោយកម្លាំងនគរបាលជំនាញផែនការងារសន្តិសុខ ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែន សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និង ក្រោមការសម្របសម្រួលនីតិច្បាប់ដោយលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ 

   ជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាប កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេសសរុប ០៨នាក់ ក្នុងនោះមានជនជាតិជប៉ុនចំនួន០៥នាក់ , តៃវ៉ាន់ម្នាក់ , និងចិន០២នាក់ ។ កម្លាំងជំនាញ ក៏បានធ្វើការដកហូតសម្ភារៈ និងវត្ថុតាងពាក់ព័ន្ធរួមមាន៖ ទូរស័ព្ទបម្រើ ការងារ ចំនួន១៤គ្រឿង, CPU ចំនួន០១, monitor ចំនួន ០១, iPad ចំនួន០៣គ្រឿង , អាវនគរបាលជប៉ុនចំនួន០៥ និងមួកនគរបាលជប៉ុន ០២ រួមជាមួយឯកសារនគរបាល ក្លែងក្លាយមួយចំនួនទៀតផងដែរ ។  

ផ្នែកតាមកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីនគរបាលជំនាញ បញ្ជាក់ថា៖ក្រុមជនសង្ស័យ ទាំង០៨នាក់ បានប្រើប្រាស់កម្ពុជា ជាជម្រកសម្រាប់ប្រព្រឹត្តិបទល្មើសឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ក្រោមរូបភាពក្លែងជាសមត្ថកិច្ចជប៉ុន និងប្រើប្រាស់ឯកសារក្លែងក្លាយមានបណ្តឹង, កិច្ចសន្យា និងដីការចាប់ខ្លួន ដែលមានគោលដៅប្រព្រឹត្តិ បទល្មើសទៅប្រទេសជប៉ុន ។  

បច្ចុប្បន្ន ក្រុមជនសង្ស័យ ត្រូវបានបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕